ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះរបាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា រដ្ឋាភិបាលប្រើឥទ្ធិពលច្បាប់ គំរាមកំហែងដល់សេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។
ក្រសួងព័ត៌មាន ចាត់ទុករបាយការណ៍ CCIM មានចំណងជើងថា ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧ ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលបានបង្រ្កាបធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យថា ជាហេតុផលនយោបាយនិងវាយតម្លៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមក ហើយថារបាយការណ៍នោះ ជាការស្រាវជ្រាវគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់។
ក្រសួងព័ត៌មានសូមបដិសេធទាំងស្រុងនូវការចោទប្រកាន់របស់ CCIM ហើយចាត់ទុកថា នេះគ្រាន់តែជាការវាយតម្លៃគ្មានមូលដ្ឋានធ្វើការស្ទង់មតិពីអ្នកសារព័ត៌មានជ្រុលនិយមមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតគេចវេះពីការទទួលខុសត្រូវខាងផ្លូវច្បាប់ ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
វិស័យព័ត៌មាននៅកម្ពុជា ត្រូវបានគាំពារ និងធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ហើយរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរគាំទ្រ លើកស្ទួយសេរីភាពសារព័ត៌មាន បន្តកិច្ចសហការ ដោយចាត់ទុកស្ថាប័នព័ត៌មានទាំងអស់ គឺជាដៃគូដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។
របាយការណ៍ចេញផ្សាយថ្ងៃទី២១ កុម្ភៈ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា (CCIM) បានស្ទង់មតិលើអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយជាង៧៥នាក់ ដែលធ្វើការនៅកម្ពុជា ចាប់ពីចុងឆ្នាំ២០១៧មក។ ក្នុងរបាយការណ៍នោះអ្នកសារព័ត៌មាន៨៣ភាគរយលើកឡើងថា សេរីភាពសារព័ត៌មានបានធ្លាក់ចុះ ចំណែក១១ភាគរយទៀតថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដើរតាមផ្លូវត្រូវ។ ក្នុងរបាយការណ៍នោះក៏បានរកឃើញថាអ្នកសារព័ត៌មាន៦៧ភាគរយមានអារម្មណ៍ថាពួកគេគ្មានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីនោះទេ។
CCIM បានលើកឡើងថាការបិទស្ថានីយវិទ្យុចំនួន៣២ ដែលផ្សាយព័ត៌មានគណបក្សប្រឆាំងព័ត៌មានដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ឬផ្សាយព័ត៌មានឯករាជ្យ និងការប្រើប្រាស់ការស៊ើបអង្កេតលើការបង់ពន្ធហើយបានបិទសារព័ត៌មាននោះដោយរដ្ឋាភិបាល រួមទាំងគំរាមកំហែង និងចាប់អ្នកកាសែត ពីបទញុះញង់ និងការផ្តល់ជូនឲ្យរដ្ឋបរទេសនូវព័ត៌មានដែលបង្កភាពអន្តរាយដល់សន្តិសុខជាតិ ជាដើមជាមូលហេតុដែលធ្វើឲ្យមានការវាយតម្លៃពីសេរីភាពសារព័ត៌មានធ្លាក់ចុះបែបនេះ។
CCIM បានឲ្យអនុសាសន៍ថាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ត្រូវមានការគាំទ្រដែលចាំបាច់ដល់អ្នកសារព័ត៌មាន ជាពិសេសផ្តល់ការគាំទ្រផ្នែកសុខភាព សុវត្ថិភាព និងប្រព័ន្ធឌីជីផល៕ ដោយ៖បញ្ញាស័ក្តិ