មហាអំណាចពិភពលោក សហរដ្ឋអាមេរិច បានចោទប្រកាន់លើប្រទេសរុស្សីថាបានរារាំងដល់កិច្ចប្រឹងប្រែងដើម្បីបញ្ឍប់ការបង្ហូរឈាមនៅតំបន់ Ghouta ភាគខាងកើតប្រទេសស៊ីរី ខណៈដែលរបបដឹកនាំស៊ីរីនៅតែបន្តវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់នោះ ដែលកាន់កាប់ដោយក្រុមឧទ្ទាម។ នេះបើតាមការចេញផ្សាយរបស់ CNN នៅថ្ងៃសុក្រនេះ។
អនុឯកអគ្គរដ្ឋទូតអាមេរិច Kelley Currie បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អាមេរិចត្រៀមខ្លួនរួចរាល់ក្នុងការបោះឆ្នោតលើសេចក្តីសម្រេចពីបទឈប់បាញ់គ្នានៅតំបន់រងការបំផ្លិចបំផ្លាញ ក្រោយពេលប្រទេសស៊ុយអ៊ែត និងគុយវ៉ែត បានដាក់ពង្រាងដំណោះស្រាយមួយ ដែលស្នើឲ្យមានការឈប់បាញ់គ្នារយៈពេល ៣០ថ្ងៃ ដើម្បីឲ្យមានការបញ្ជូនជំនួញ និងការជន្លៀសចេញ។
ប៉ុន្តែដំណោះស្រាយនោះទំនងជានឹងត្រូវជាប់គាំ ក្រោយពេលឯកអគ្គរដ្ឋទូតរុស្សី Vassily Nebenzia បានថ្លែងប្រឆាំងទៅនឹងសំណើរនោះ និងបានចោទសួរតើភាគីពាក់ព័ន្ធតាំងអស់ចូលរួមអនុវត្តនឹងសំណើរនោះឬយ៉ាងណា។
សូមរំលឹកថា ការវាយប្រហារតាមដែនអាកាស និងការទំលាក់គ្រាប់បែករបស់របបស៊ីរី ដែលដឹកនាំដោយប្រធានាធិបតី Bashar al-Assad បានសម្លាប់ជនស៊ីវិលជាង ៣០០នាក់ និងធ្វើឲ្យរបួសជិត ១.៨០០នាក់ ចន្លោះថ្ងៃច័ន្ទ និង ថ្ងៃពុធសប្តាហ៏នេះ។
របបដឹកនាំដោយប្រធានាធិបតី Bashar al-Assad គាំទ្រដោយប្រទេសរុស្សី។ តំបន់ភាគខាងកើត Ghoutaគឺជាតំបន់ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាមអ៊ីស្លាមជាច្រើនក្រុម ហើយក្រុមមួយចំនួន បានចង់សម្ព័ន្ធមិត្តជាមួយនឹងក្រុមអាល់កៃដា (al Qaeda) ផងដែរ៕ សុភ័ក្ត្រ