ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានចេញផ្សាយព័ត៌មានថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជម្រាបមកគ្រប់សហព័ន្ធជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះថា គ្រប់សហព័ន្ធកីឡាជាតិដែលត្រៀមចូលរូមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តាមស្មារតីសន្និបាតបូកសរុបការងារឆ្នាំ២០២០របស់ និងទិសដៅបន្ត ឆ្នាំ២០២១របស់ CAMSOC។
ជាគោលការណ៍សំខាន់ៗរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC សូមឲ្យសហព័ន្ធជាតិ ចាប់ផ្ដើមអនុវត្តនូវសកម្មភាពដូចជា ទី១-សូមបើកសន្និបាត ឬកិច្ចប្រជុំរួមរបស់សហព័ន្ធ ដើម្បីពិនិត្យផែនការសកម្មភាព ក្នុងតំណាក់កាលរៀបចំ Games Operation Time 2021 ឲ្យបានមុតស្រួចស៊ីជម្រៅ ក្នុងការអភិវឌ្ឍសមត្ថភាពគុណផលកីឡាកម្រិតខ្ពស់ ប្រចាំជំនាញកីឡារបស់ខ្លួននីមួយៗ។ ទី២-ពិនិត្យជំរុញរៀបចំក្រុមកីឡាករ TEAM SEA Games ឲ្យមានប្រសិទ្ធិភាពមានទេពកោសល្យគ្រប់គ្រាន់មានគ្រូបង្វឹកដែលមានគុណវឌ្ឍន៍ខ្ពស់ (Qualified Coach) ដើម្បីដាក់ការហាត់ហ្វឹកហ្វឺនកម្រិតបន្ទុក និងអាងតង់ស៊ីតេខ្ពស់ក្នុងឆ្នាំ២០២១។ ទី៣-ថ្នាក់ដឹកនាំសហព័ន្ធ និងគ្រូបង្វឹកជំនាញត្រូវពង្រឹងការដឹកនាំផែនការខាងលើ ដោយប្រើយន្ដការត្រួតពិនិត្យតាមដានវាយតម្លៃជាប្រចាំ និងរាយការណ៍ជូន CAMSOC រៀងរាល់មួយខែម្ដងជាទៀតទាត់៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ