ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺមានការសហការគ្នាបានល្អ និងដោះស្រាយបញ្ហារវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ក៏បានយ៉ាងល្អប្រសើរ គឺមិនដូចជាការលើកឡើងរបស់ក្រុមអ្នកវិភាគ ឬក្រុមអ្នកប្រឆាំងនោះទេ។ ហើយក្រុមអ្នករិះគន់ទាំងនោះ មិនដែលចាត់ទុកថា ការធ្វើការងារជាមួយភាគីវៀតណាម គេមិនដែលចាត់ទុកថា រីកចំរើននោះទេ ប៉ុន្តែតាមការពិតភាគីទាំងពីរសហការគ្នាបានយ៉ាងល្អ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម គឺសហការគ្នាបានល្អណាស់ក្នុងការដោះស្រាយបញ្ហារវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ក៏បានល្អប្រសើរ ជាពិសេសវៀតណាម បានជួយបណ្តុះបណ្តាលកម្មសិក្ខាការីរបស់កម្ពុជាបានជាច្រើន និងខាងកងទ័ពនៃប្រទេសទាំងពីរ គឺមានការសហការគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែក្រុមប្រឆាំងតែងតែឲ្យតម្លៃទៅតាមការយល់ឃើញរបស់ពួកគេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា “ធម្មតាទេ អ្នកដែលរិះគន់យើងមិនអាចហាមបានទេ អ្វីដែលកម្ពុជាធ្វើកិច្ចការងារជាមួយវៀតណាម គេមិនដែលចាត់ទុកថា ជាការរីកចំរើនទេ តាមពិតយើងសហការគ្នាបានល្អណាស់ គ្រប់បែបយ៉ាងទាំងអស់ ផ្តល់ព័ត៍មានឲ្យគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហារវាងប្រជាជាតិ ប្រជាជនយើងទាំងពីរ គឺក៏បានល្អប្រសើរ ហើយវៀតណាមក៏បានជួយបណ្តុះបណ្តាលកម្មសិក្សាការីរបស់យើងក៏ច្រើនដែរ ហើយជាបន្តបន្ទាប់ ដូចខាងកងទ័ពមានការសហការគ្នាជិតដិតណាស់ ហើយពួកអស់ហ្នឹងចេះតែវ៉ៃតម្លៃទៅតាមការយល់ឃើញរបស់ពួកគេ គ្មានអ្វីក្រៅពីនឹងទេ”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺមានការសហការគ្នាល្អ និងមិនដូចអ្វីដែលក្រុមអ្នករិះគន់ចេះតែចោទប្រកាន់ និងលើកឡើងនោះទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ