ព្យុះកំបុតត្បូងដ៏ធំមួយបានលេចចេញនៅកណ្តាលកោះជ្វា ស្ថិតក្នុងនៅស្រុក Wonogiri កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បង្កឱ្យមានការភិតភ័យក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ី។
នេះបើតាមសារព័ត៌មាន Tribun News បានចុះផ្សាយឲ្យដឹងថា ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក Wonogiri (BPBD) លោក Bambang Haryanto បានចែករំលែកថា បាតុភូតនេះមានរយៈពេលយ៉ាងហោចណាស់ ១០ ទៅ ១៥ នាទី។ តែអរគុណណាស់ វាពុំបង្កឲ្យមានការខូចខាតនោះទេ។
លោកនិយាយថា៖ «មានហើយ ព្យុះកំបុតត្បូងនេះ គឺបានកើតឡើងនៅចំកណ្តាលអាងស្តុកទឹក (Gajah Mungkur) ហើយការគួចរបស់វា គឺពីកណ្តាលទៅខាងលិច។ មុនពេលមកដល់ទីតាំងកើតហេតុ ខ្យល់បានបក់ទៅទិសខាងត្បូង ដូច្នេះវាមិនមានផលប៉ះពាល់អ្វីទេ»។
ព្យុះកំបុតត្បូងនេះត្រូវបានគេនិយាយថា បានវាយប្រហារអាងស្តុកទឹក Gajah Mungkur នៅពេលមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារមកលើតំបន់ Wonogiri ។
ជាក់ស្តែង នេះមិនមែនជាលើកទី១ទេ ដែលតំបន់ Wonogiri បានកើតមានព្យុះកំបុតត្បូង នៅក្នុងអំឡុងខែមករា ចន្លោះឆ្នាំ២០១៧ និង២០១៩។
តែយ៉ាងណា គេពិតសម្តែងនូវក្តីរីករាយជាខ្លាំង ដែលពុំមាននរណាម្នាក់រងគ្រោះថ្នាក់ ដោយសារព្យុះកំបុតត្បូងដ៏គួរឲ្យខ្លាចនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
View this post on Instagram