ខេត្តកំពង់ធំៈ ឃាតកម្មមួយកើតឡើង២នាក់ប្តីប្រពន្ធ ត្រូវឃាតករមួយក្រុមបាញ់សម្លាប់ពេលកំពុងបើករថយន្តម៉ាកហាឡែនឌ័រមួយ កាលពីម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២០ ខែតុលា ២០១៧ នៅចំណុចទួលស្រឡៅ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពីកូនប្រុសជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ចោរបានប្លន់យកគ្រឿងអលង្ការ បូកជាមួយលុយខ្មែរ និងដុល្លារសរុបជិត៥ម៉ឺនដុល្លារ។
ចំពោះករណីពីរនាក់ប្ដីប្រពន្ធត្រូវឃាតកបាញ់សម្លាប់មិនញញើតដៃ កាលពីយប់ថ្ងៃទី២០ខែតុលា ហើយរហូតនឹងថ្ងៃសៅរ៍ទី២១នេះ ឃាតកមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ខណៈដែលសមត្ថកិច្ចសង្ស័យថាករណីខាងលើនេះផ្ដើមចេញពីរឿងគំនុំ។សមត្ថកិច្ចបានប្រាប់ទៀតថា៖តែទោះបីជាយ៉ាងណា ឃាតក ត្រូវបានគេកំណត់អត្តសញ្ញាណមានគ្នា៤នាក់ ហើយ។
ពេលនេះ សមត្ថកិច្ចឱ្យដឹងថា៖ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ឈ្នោះ សឿង ប្រុញ អាយុ៤១ឆ្នាំ ជាប្ដី និងឈ្មោះ លី ចាន់ធឿន អាយុ ៣៨ឆ្នាំ ជាប្រពន្ធ ទីលំនៅពីមុន រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នបានផ្លាស់ប្តូរទីលំនៅមករស់នៅតំបន់អូសាជូ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពេលនេះ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តម៉ាកហាឡែនឌ័រ ពណ៌កាំម៉ៃ ពាក់ស្លាកលេខកំពង់ចាម 2B-5444 ចេញពីរោចក្រកៅស៊ូក្រែបជប៉ុន នៅចំណុចអូសាជូ ភូមិដងក្តា ឃុំក្រយា ដោយប្រពន្ធជាអ្នកបើក ហើយមានកូនប្រុសម្នាក់ អាយុ១២ឆ្នាំ និងក្មួយស្រីម្នាក់អាយុ១៥ឆ្នាំ ធ្វើដំណើរជាមួយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំភ្លើងក្នុងដៃ បានស្កាត់ផ្លូវ និងឃាត់រថយន្ត ពេលនោះក្រុមឃាតក ក៏បានបាញ់មកលើជនរងគ្រោះយ៉ាងសន្ធប់ បណ្តាលឲ្យប្ដីប្រពន្ធទាំងពីរនាក់ ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ។ ដោយឡែកកូន និងក្មួយមិនរងរបួសនោះទេ ប៉ុន្តែត្រូវបានជនសង្ស័យគំរាម បន្ទាប់មកពួកគេក៏បានគេចខ្លួនបាត់៕ ដោយ៖ជាលី