កសិដ្ឋាន២កន្លែងដែលមានផ្ទៃដីទំហំ ៨ហិកតា ទៅ ១០ហិកតា ដាំដុះបន្លែសរីរាង្គដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចិញ្ចឹមត្រីតាមបែបវារីវប្បកម្មទំនើបហើយមានទីផ្សារនៅ ខេត្តសៀមរាប និងភ្នំពេញ ត្រូវបានថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើល និងជួយកែលម្អបន្ថែម ធ្វើយ៉ាងណា ដើម្បីឲ្យម្ចាស់កសិដ្ឋានមួយនេះទទួលបានលទ្ធផលល្អ។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមការងាររបស់លោកជាច្រើននាក់ ខណ:ទៅដល់ កសិដ្ឋានដាំបន្លែសរីរាង្គ ឈ្មោះ ហេបភី អែនខូ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក៏បានណែនាំដល់ម្ចាស់កសិដ្ឋាន ឱ្យធ្វើកិច្ចសហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីធ្វើការសិក្សា និងពង្រីកទីផ្សារបន្ថែមទៀត។
កសិដ្ឋានទី១ ឈ្មោះ ហេបភី អែនខូ មានផ្ទៃដីទំហំ ៨ហិកតា ដាំដុះបន្លែសរីរាង្គដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប មានទីតាំងស្ថិតនៅ ឃុំសសរស្តុំ ស្រុកពួក ខេត្តសៀមរាប, លោក សុខា ម្ចាស់កសិដ្ឋាន បានឱ្យដឹងថា កន្លងមក បានផ្អាកសកម្មភាពដាំដុះ ជាបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ-១៩ និងបញ្ហាវិបត្តិហិរញ្ញវត្ថុ ពេលនោះ លោកកាត់បន្ថយបុគ្គលិកពីចំនួន ៦០នាក់ មកត្រឹម ១០នាក់ប៉ុណ្ណោះ ហើយរាល់ការបញ្ជាទិញបន្លែរបស់លោក ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ, ប៉ុន្តែថ្មីៗនេះ បានខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយជ្រោមជ្រែងដោយទម្លាក់គម្រោងហិរញ្ញប្បទានពិសេស អត្រាការប្រាក់ ទើបកសិដ្ឋានរបស់លោកមានលទ្ធភាពដំណើរការឡើងវិញ។
កសិដ្ឋានទី២ គឺជាកសិដ្ឋានចញ្ចឹមត្រីដ៏ធំមួយ ស្ថិតនៅ ភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ កសិដ្ឋាននេះ មានស្រះធំៗទាំងអស់ចំនួន ៨ លើផ្ទៃដី១០ហិកតា ដែលដំបូងបានចាប់ផ្ដើមដាក់កូនត្រីចំរុះសរុប ប្រមាណ១៦ម៉ឺនកូន។
លោក អ៉ីវ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយនេះ បាននិយាយថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ កសិដ្ឋានរបស់លោក បានជួបនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយជិតក្ស័យធនទៅហើយ ប៉ុន្តែតាមរយៈកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយជីវិតកសិដ្ឋានមួយនេះឲ្យរស់ឡើងវិញ។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងថា ដំបូងលោកមើលឃើញថា កសិដ្ឋានទាំងពីរនេះ បានរៀបចំរចនាសម្ព័ន្ធដាំដុះ បន្លែតាមបែបបច្ចេកទេសទំនើប និងចិញ្ចឹមត្រីតាមបែបវារីវប្បកម្ម បានល្អ និងរៀបរយ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ និងបញ្ហាហិរញ្ញវត្ថុ ធ្វើឲ្យកសិដ្ឋានទាំងពីរនេះស្ទើរតែដួលរលំទៅហើយ ដូច្នេះនៅពេលដែលលោកឃើញថា កសិដ្ឋានគេធ្វើបានល្អ រូបលោកក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្ត និងណែនាំឲ្យ លោក សុខា និងលោក អ៉ីវ វណ្ណា ទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការសិក្សាលទ្ធភាព ទំលាក់ឥណទានក្រោម គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់០.៤២% ក្នុងមួយខែ ដើម្បីឲ្យកសិដ្ឋានួាំងពីរនេះ អាចបើកដំណើរការឡើងវិញ ឥឡូវនេះឃើញថា ទទួលបានលទ្ធផលល្អប្រសើរ។
លោក កៅ ថាច បានបញ្ជាក់ថា ការទម្លាក់ហិរញ្ញប្បទានតាមរយៈគម្រោងពិសេសរបស់រាជរដ្ឋាភិបាល ដល់បណ្ដាកសិដ្ឋាន សហគ្រាស ពាណិជ្ជករ អាជីវករ មិនមែនទទួលបានប្រាក់ដើមទុនហើយត្រូវចប់នោះទេ គឺធនាគារ ត្រូវតាមដានមើលពីដំណើរការអភិវឌ្ឍរបស់កសិដ្ឋាន ក្រុមហ៊ុន សហគ្រាសផ្សេងៗ និងជួយណែនាំពីប្រព័ន្ធបច្ចេកទេស ព្រមទាំងទីផ្សារផងដែរ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN