ភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ នាថ្ងៃទី១ បានបញ្ចប់ទៅក្រោមប្រធានបទ “វិទ្យាសាស្ត្របរិស្ថាន” ដោយឆ្នាំនេះ ជាលើកទី១ហើយ ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅ តាមប្រព័ន្ធអនឡាញជំនួសវិញ ដោយសារវិបត្តិនៃជំងឹកូវីដ-១៩ នៅថ្ងៃទី២៥ មករា ២០២១ រាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់កិត្តិយសថ្លែងសន្ទរកថាស្វាគមន៍ និងបើកកម្មវិធី ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗសិស្សានុសិស្ស ដែល បានចូលរួម ក្នុង ព្រឹត្តិការណ៍នេះ ឱ្យត្រង់ត្រាប់ស្តាប់ទទួលយកទស្សនទានថ្មីៗ និងឱកាសនានាពីការអប់រំ ស្ទែមដែលជាមុខវិជ្ជាដ៏មានសក្ដានុពលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្ដមបាន វាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំ ដែលជាពិព័រណ៍ស្ទែមនៅលើបណ្ដាញអនឡាញដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្តម្ភ និងដៃគូសហការទាំងអស់ ដែលជួយឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន។ តាមរយៈពិព័រណ៍ដូចនេះ ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោក ក្នុងការរួមចំណែកកសាងអនាគតប្រកបដោយចីរភាព។
សូមជម្រាបថា សម្រាប់ថ្ងៃទី១នេះ មានកម្មវិធីផ្សេងៗដូចជា ការអប់រំអំពីអ្វីដែលហៅថាវិទ្យាសាស្ត្របរិស្ថាន ការសម្តែងសិល្បៈ ការធ្វើបទបង្ហាញ កម្មវិធីប្រកួតប្រជែង Smart STEM Challenge សិក្ខាសាលាស្ដីពី “អាជីពក្នុងវិស័យវិទ្យាសាស្ត្របរិស្ថាន” និងការទស្សនាខ្សែភាពយន្តផ្សេងៗផងដែរ ដែលសុទ្ធសឹងមានអត្ថប្រយោជន៍ សម្រាប់យុវជនក្នុងការស្វែងយល់ និងឈោងចាប់ឱកាស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ