ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាស កាត់បៀវត្សរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែនកាត់បៀវត្ស រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្ត្រីបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយះពេល៧ខែជូនទៅក្រសួងសុខាភិបាល។
បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។
អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។
ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង។
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសកាត់ ប្រាក់បៀវត្សនោះក៏មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបក៏បានប្រកាសកាត់ប្រាក់បៀវត្សផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ