Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់ ជា​បន្តទៀត ក្នុងការ​ចាត់វិធានកា​រ​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​ឲ្យ​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង ២៥ ការពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​។ សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​ខាងលើ ក្រសួងសុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត​ទាំងអស់​ជ្រាបថា ក្នុងពេល​កន្លងមកនេះ ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។ ក្នុងនាម​ក្រសួងសុខាភិបាល និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ដល់ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់​ការចម្លង វីរុស​កូ​វីដ​-១៩ ដែល​រហូតមកដល់​ថ្ងៃនេះ មិនទាន់មាន​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​នៅ ឡើយ​ទេ​។ កន្លងមក រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​មួយចំនួន ដូចជា​សាលារៀន​ត្រូវបាន​បើក​ដំណើរការ កម្មវិធី សង្គម​តាមបែប​ប្រពៃណី សាសនា​នានា ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​តាម​តម្រូវការ​របស់​ប្រជាជន ដោយ​តម្រូវ ឲ្យ​គោរព​តាម​វិធានការ​ការពារ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩​។ ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សង្កេត ឃើញថា ការអនុវត្ត​តាម​វិធានការ​ការពារ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​៥-១៩ នៅតាម​ពិធីបុណ្យ កម្មវិធី​ផ្សេងៗ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ នៅមានកម្រិត​ទាប​នៅឡើយ ដែល​នេះ ជា​ហានិភ័យ​ដ៏​ធំធេង​អាច​បង្ក​ឲ្យ​មានការ​ចម្លង​វីរុស​វីដ -១៩ ពី​បុគ្គល​ទៅ​បុគ្គល ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល​ចម្លង​ចូល ក្នុង​សហគមន៍​។ ដូច្នេះ​ខ្ញុំ សូម​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់ ជា​បន្តទៀត ក្នុងការ​ចាត់វិធានកា​រ​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឯកភាព ប្រគល់ជូន​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឲ្យ​ទទួលខុសត្រូវ​តាមដាន និង​គ្រប់គ្រង​ការអនុវត្ត​វិធានការ​សុខាភិបាល នៅតាម​មូលដ្ឋាន ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ដូច្នេះ​មុននឹង​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ ឬ​កម្មវិធី​ផ្សេងៗ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ពិធីបុណ្យ ឬ​កម្មវិធី អំពី​វិធានការ​សុខាភិបាល ដូចខាងក្រោម​៖

​ណែនាំ​ឲ្យ​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​ចូលរួម​ការអនុវត្ត​វិធានការ​សុខាភិបាល ដូចជា បំពាក់​ម៉ាស៊ីន​វាស់​កំដៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កំដៅ​ដោយ​ដៃ ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ នៅ​គ្រប់​ច្រកចូល និង​ដាក់​អាល់កុល ឬ​ដែល​ណង​ដៃ​នៅ ក្នុង​ទីតាំង​ប្រតិបត្តិការ​របស់ខ្លួន និង​តម្រូវ​ឲ្យ​លាងដៃ​ជា​ញឹកញាប់ ជាពិសេស​បន្ទាប់ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេងៗ ក្រោយពេល ចូល​បន្ទប់ទឹក និង​មុនពេល​បរិភោគ​អាហារ ។​ល​។​រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបំរើ​សេវាកម្ម​ក្នុង​ពិធី ដោយ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន​យ៉ាងតិច ១.៥​ម៉ែត្រ​ឡើងទៅ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ រៀប​តុ​អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម ប្រាំ​នាក់ ក្នុង​មួយ​តុ ដែល​ទំលាប់​ពីមុន​អង្គុយ​១០​នាក់​។​

​ធ្វើ​បដិសណ្ឋារកិច្ច ត្រូវ​ធ្វើតាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ដោយ​លើកដៃ​សំពះ ចៀសវាង​ការចាប់​ដៃ ឱប​គ្នា​ជាដើម​។ ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែនាំ​ការពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដៃ​ស្អាត និង​ណែនាំ​អនាម័យ​ពេល​ក្អក កណ្តាស់ នៅ គ្រប់​ច្រកចូល និង​ទីតាំង​ដែល​អាច​មើលឃើញ​ទាំងអស់គ្នា​។​

​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់​កម្លាំង សមត្ថកិច្ច​ធ្វើការ​តាមដាន និង​ណែនាំ​ដល់​ម្ចាស់​កម្មវិធី​បុណ្យ​ផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និង​ភ្ញៀវ​ចូលរួម​បន្ថែមទៀត​ក្នុងពេល​ពិធី ដើម្បី​ធានា​ការអនុវត្ត​វិធានការ​សុខាភិបាល​ក្នុងពេល​រៀបចំ​កម្ម វិធី​សង្គម​នានា​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាទីបំផុត​។​

​អាស្រ័យហេតុនេះ សូម​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​អនុវត្ត​ឲ្យ​មាន ប្រសិទ្ធភាព​ខ្ពស់​នូវ​វិធានការ​សុខាភិបាល​ក្នុងពេល​រៀបចំ​កម្មវិធី​សង្គម​នានា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×