Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ឥណ្ឌា ចង់ឱ្យមាន​ការហោះហើរ​ត្រង់ ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា សម្រាប់​ប្រជាជន​កម្ពុជា ដែល​ស្វែងរក​ការ​ព្យា​ល​បាល​ជំងឺ នៅ​ឥណ្ឌា​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ​២០២១ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ទើប​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងឱកាស​នោះ លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បានអនុញ្ញាត​ឱ្យចូល​ជួប​សម្តែង​ការគួរសម​នាពេលនេះ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បា​នស​ន្យា​ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ថា ប្រទេស​ឥណ្ឌា​មិន​គ្រាន់តែ​ចាត់ទុក​ប្រទេស​កម្ពុជា ជា​អ្នកជិតខាង​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​គ្រួសារ​តែមួយ ពីព្រោះថា​ប្រទេស​ទាំងពីរ​មាន​អរិយ្យធម៌ វប្បធម៌ សាសនា និង​ប្រពៃណី​ប្រហាក់ប្រហែលគ្នា​តាំងពី​យូ​លង់​ណាស់​មកហើយ​។ ក្នុងនោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ឈរ​គៀក​ស្មា​គ្នា​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក​នាពេល​កន្លងទៅ​។ ប្រ​ទស​ឥណ្ឌា គឺជា​ប្រទេស​ទីមួយ​ដែល​បាន​ជួយ​ជួសជុល​ប្រាសាទអង្គរវត្ត​ឡើងវិញ​នៅ​ឆ្នាំ​១៩៨៦​។ ក្នុងពេលនោះ​នៅ​តំបន់​អង្គរវត្ត​មិនទាន់មាន​សុ​វត្តិភាព​នៅឡើយ​ទេ ដោយសារតែ​ពេលនោះ​នៅមាន​ការរំខាន​វាយប្រហារ​ពី​កងកំលាំង​របស់​ខ្មែរក្រហម​នៅឡើយ​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​សាធារណរដ្ឋ​ឥណ្ឌា ជា​មិត្ត​ភ័ក្តិ និង​ដៃគូ​ដ៏​ល្អ​រឹងមាំ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ជាពិសេស​ស្របតាម​គោលនយោបាយ​ទិសបូព៌​របស់​សាធារណរដ្ឋ​ឥណ្ឌា​។ លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រទេស​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។ ជាមួយគ្នានេះ ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​នូវ​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ក៏ដូចជា​ក្របខ័ណ្ឌ​ពហុភាគី​ផងដែរ​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បានស្នើ​សុំ​ការគាំទ្រ​ពីស​ម្តេច​ប្រធានព្រឹទ្ធសភា ចំពោះ​បេសកកម្ម​ការទូត​របស់​លោកជំទាវ ដើម្បីឱ្យ​សម្រេចបាន​នូវ​គោលដៅ និង​បង្កើន​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រពៃ​រវាង​ប្រជាជន ខាង​សេដ្ឋកិច្ច និង​ការផ្សាភ្ជាប់​ក្នុង​វិស័យ​ឌីជីថល​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ ប្រទេស​ឥណ្ឌា​ចង់ឱ្យមាន​ការហោះហើរ​ត្រង់​ពី​ប្រទេស​ឥណ្ឌា​មក​ប្រទេស​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ស្វែងរក​ការ​ព្យា​ល​បាល​ជំងឺ​នៅ​សាធារណរដ្ឋ​ឥណ្ឌា​។ ជាងនេះទៅទៀត ជាការ​បង្ក​ឱកាស​ឱ្យ​ប្រជាជន​ឥណ្ឌា​បានមក​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត និង​បានឃើញ​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​របស់​ប្រទេស​កម្ពុជា ដែលមាន​ទំនាក់ទំនង​រវាង​គ្នា​ជា​យូ​លង់​ណាស់​មកហើយ​។ លោកជំទាវ​ជឿជាក់​យ៉ាង​មុតមាំ​ថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​មួយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំងពីរ ហើយ​វិស័យនេះ​ក៏បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​
​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បានស្នើ​សុំ​ការគាំទ្រ​ពីស​ម្តេច​ប្រធានព្រឹទ្ធសភា ក៏ដូចជា​ព្រឹទ្ធសភា​នៃ​ព្រះរាជា​-​ណា​កម្ពុជា លើ​គម្រោង​វិនិយោគ​របស់​សាធារណរដ្ឋ​ឥណ្ឌា​លើ​វិស័យ​សុខាភិបាល និង​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។
​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា ប្រទេស​ឥណ្ឌា​តែងតែ​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ប្រទេស​កម្ពុជា ក្នុងនោះ​បានផ្តល់​អាហារូបករណ៍​ឱ្យ​ក្រសួង ស្ថាប័ន និង​សាកលវិទ្យាល័យ​នានា ក្នុងការ​ពង្រឹងសមត្ថភាព​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​ជំនាញ​ផ្សេងៗ​ទៀត​។ ព្រម​ជាមួយគ្នានេះ ក៏មាន​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​សម្រាប់​មន្ត្រីរាជការ​នៃ​សភា​កម្ពុជា ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ការងារ​សភា​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​។​
​ក្នុងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ ដែល​ត្រូវបាន​រដ្ឋា​ភិ​-​បាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​មាន​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត នឹង​បន្ត​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការអបអរសាទរ​ជាមួយនឹង​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុងឱកាស​ប្រារព្ធ​ទិវា​បុណ្យជាតិ​ខួប​លើក​ទី​៧២ និង​សូម​ប្រសិទ្ធពរ​ជូន​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា មាន​វឌ្ឍនភាព និង​វិបុលភាព​។ ជាមួយគ្នានេះ សម្តេច​បាន​កោតសរសើ​រ និង​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ ដែលជា​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​ឥណ្ឌា ក៏ដូចជា​មនុស្សជាតិ​ទាំងអស់​។ សម្តេច​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​ឥណ្ឌា​ក៏ដូចជា​ពិភពលោក​ទាំងមូល​នឹង​យកឈ្នះ​លើ​វីរុស​កូ​វីដ​-១៩​ជាក់​ជាពុំខាន​។​
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​មានប្រសាសន៍ថា ប្រទេស​ទាំងពីរ កម្ពុជា​-​ឥណ្ឌា មាន​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​ប្រពៃណី មិត្តភាព​តាំងពី​យូរលង់​មកហើយ ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥២ នៅពេលដែល​ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​អ​ណា​និគម​និយម​បារាំង​។ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត ទំនាក់ទំនង​ការទូត​នេះ​ត្រូវ​កាត់ផ្តាច់​មួយរយៈ ហើយ​ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ឡើងវិញ​ក្នុង​ឆ្នាំ​១៩៨១ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​ពង្រឹងពង្រីក​ឥត​ឈប់ឈរ​។ ព្រះរាជាណាចក្រ​កម្ពុជា​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ក្នុង​បុព្វហេតុ​ឯករាជ្យ​ជាតិ​នៅ​ឆ្នាំ​១៩៥៣ ហើយ​ចាប់ពី​ឆ្នាំ​១៩៩៨១​មក ប្រទេស​កម្ពុជា​តែងតែ​បានទទួល​នូវ​ជំនួយឥតសំណង ជំនួយ​កម្ចីសម្បទាន វប្បធម៌ អរិយធម៌ សាសនា ប​ចេ្ច​ក​ទេស ការអភិវឌ្ឍ​ធនធានមនុស្ស និង​ជំនួយ​ខាង​សង្គម​ជាច្រើន​ទៀត​។ ព្រម​ជាមួយនេះ ប្រទេស​ទាំងពីរ​ក៏បាន​ជំរុញ​នូវ​ការវិនិយោគ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម និង​ទេសចរណ៍​ទៅវិញទៅមក ដែល​បានរួម​វិភាគទាន​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យមាន​មុខមាត់​ថ្មី​ដូច​ពេល​បច្ចុប្បន្ននេះ​។​
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាន​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​ឥណ្ឌា​ដែល​តែងតែបាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​។ តាមរយៈ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត សម្តេច​សង្ឃឹមថា​លោកជំទាវ​នឹង​បន្ត​ជួយ​ជំរុញ​នូវ​ការវិនិយោគទុន​នានា ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម និង​ចលនា​ប្រជាជន​ឥណ្ឌា​ឱ្យមក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​បាន​ច្រើន​ថែមទៀត​បន្ទាប់ពី​បញ្ចប់​វិបត្តិ​កូ​វីដ​១៩​។​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​បញ្ជាក់ថា នាពេល​កន្លងទៅ ព្រឹទ្ធសភា​តែងតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​អនុស្សារណៈ​យោគយល់​គ្នា ហើយ​បន្ទាប់ពី​ឯកសារ​ទាំងនេះ​ត្រូវ​បានផ្តល់​សច្ចាប័ន​រួចហើយ ព្រឹទ្ធសភា​នៅតែ​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​អនុវត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​។ បច្ចុប្បន្ន ប្រទេស​ទាំងពីរ​កំពុង​តែ​រៀបចំ​នូវ​កិច្ចព្រមព្រៀង សន្ធិសញ្ញា អនុស្សារណៈ​យោគយល់​គ្នា​មួយចំនួន និង​កំពុងតែ​ពិភាក្សាគ្នា​យ៉ាង​មមាញឹក ហើយ​ព្រឹទ្ធសភា​នឹង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា កិច្ចព្រមព្រៀង អនុស្សារណៈ​ទាំងអស់នោះ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ផ្តល់យោបល់ អនុម័ត​ផ្តល់​សច្ចាប័ន​សម្រាប់​ឱ្យ​ប្រទេស​ទាំងពីរ​យកទៅអនុវត្ត សម្រាប់​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ផង និង​ជា​មូលដ្ឋាន​ក្នុងការ​រួមចំណែក​កសាង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ទាំង​នៅក្នុង​តំបន់ និង​អន្តរជាតិ​ផង​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ឯកភាព​ចំពោះ​ប្រសាសន៍​របស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ទាក់ទង​នឹង​ការ វិនិយោគ​លើ​វិស័យ​សុខាភិបាល ក៏ដូចជា​លើ​វិស័យ​ផ្សេងៗ​ទៀត ហើយ​សម្តេច​នឹង​គាំទ្រ​ទាំងស្រុង​ចំពោះ​គោលដៅ​នៃ​ការវិនិយោគ​ទាំងនេះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​គូសបញ្ជាក់ថា នាពេល​កន្លងទៅនេះ ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំងពីរ​បានធ្វើការ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព​។ ព្រឹទ្ធសភា​កម្ពុជា​នីតិកាល​ទី​៤​នេះ បាន​ចាត់តាំង​ឱ្យមាន​ក្រុម​មិត្តភាព​ទ្វេរ​ភាគី​ជាមួយនឹង​ព្រឹទ្ធសភា​ឥណ្ឌា​រួចហើយ​។ ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាន​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធសភា តាមរយៈ​ការផ្តល់​អាហារូបករណ៍​រយៈពេល​ខ្លី មធ្យម ដល់​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ទៅ​រៀន​នៅ​សាធារណរដ្ឋ​ឥណ្ឌា ដែល​គិត​ចាប់តាំងពី​ឆ្នាំ​២០១២​មក គឺមាន​ចំនួន​១២៤​នាក់ ហើយ​ព្រឹទ្ធសភា​ឥណ្ឌា​បាន​បញ្ជូន​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​មកជួយ​បណ្តុះបណ្តាល​មន្ត្រី​អគ្គលេខា​- ធិ​ការដ្ឋាន​ព្រឹទ្ធសភា​នៅ​ភ្នំពេញ​។ លើសពីនេះ ស្ថានទូត​ឥណ្ឌា​បាន​បង្កើន​ចំណងមិត្តភាព​ជាមួយ​ម​ន្ត្រី​សភា​តាម រយៈ​ការរៀបចំ​កម្មវិធី​ហាត់​យោ​ហ្គា (Yoga) នៅក្នុង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ផងដែរ​។
​ ​
​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា​បានប្រកាស​ត្រៀមខ្លួន នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ តាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត សម្តេច​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ជូន​ឯកឧត្តម​ប្រធានព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ ដោយ​សេចក្តី​គោរព និង​នឹករលឹក​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​


×