ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារខាងក្នុងមួយចំនួន។ សំណាងល្អមិនគ្រោះថ្នាក់ទៅលើម្ចាស់ផ្ទះ និងតៃកុងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០ នាទីយប់ឈានចូល ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានម្ចាស់ផ្ទះនៅកន្លែងកើតហេតុ បានប្រាប់ខាងសារព័ត៌មាន CEN ឲ្យដឹងថា
មុនពេលកើតហេតុគាត់ឃើញរថយន្តម៉ាកព្រូស ពណ៌កណ្តុប្រមេះមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2-BH-4500 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវ១០០៧ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុប្រុងនឹងបត់ស្តាំ តាមបណ្តោយផ្លូ១៩៨៦ ស្រាប់តែជាន់ហ្វ្រាំងមិនជាប់រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ កំពុងតែលក់ដូរបណ្តាលឲ្យសម្ភារនៅខាងក្នុងជាច្រើនរងការខូចខាត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌសែនសុខ ចុះមកដល់ រួចឲ្យភាគីទាំងសងខាងសម្រួលគ្នាដោយភាគីខាងបង្កសងសំណងទៅលើថ្លៃខូចខាតបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត