ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរ និងនារីពីរនាក់ បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនិងខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់អូសទៅមុខជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទី
ទៀបភ្លឺឈានចូលថ្ងៃអាទិត្យទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងនារីពីរនាក់ទៀត បើករថយន្តម៉ាកតូយូតាព្រូសពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ2BH 6574 ធ្វើដំណើរតាមបណ្ដោយកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ប្រុងឡើងទៅផ្លូវសហព័ន្ធរុស្ស៊ី បួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងអូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យនារីម្នាក់រងរបួសបែកក្បាល និងប្រុសស្រីពីរនាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តគ្លីនិចឯកជនដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌទួលគោក ចុះមកដល់ចំណុចកើតហេតុរួចបានវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖ សា មេត