ក្រុមហ៊ុនអេឡិចត្រូវនិចយក្សរបស់កូរ៉េខាងត្បូង Samsung បានប្រកាសចេញជាផ្លូវការណ៏នូវកំពូលស្មាតហ្វូនសេរីចុងក្រោយរបស់ខ្លួន Galaxy S9/S9+ នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
Galaxy S9/S9+ ដែលជាអាវុធសម្លាប់ iPhone X របស់ក្រុមហ៊ុន Apple ផ្តោតសំខាន់ខ្លាំងទៅលើសមត្ថភាពកាមេរ៉ាថតរូប ដោយ Galaxy S9 មានបំពាក់ដោយកាមេរ៉ាផ្នែកខាងក្រោយចំនួន ១គ្រាប់ ខណៈដែល Galaxy S9+ មានចំនួន ២គ្រាប់។
សំរាប់រូបរាងវិញ Galaxy S9/S9+ មានរូបរាងស្ទើរតែដូចគ្នាទៅនឹង Galaxy S8/S8+ ដែលចេញកាលពីឆ្នាំមុន គ្រាន់តែ Samsung បានធ្វើការឌីហ្សាញ ដោយកាត់បន្ថយស៊ុមនៅផ្នែកខាងក្រោម នៃអេក្រង់ឲ្យមកនៅតូចជាងមុន ដោយធ្វើឲ្យរាងរបស់វាកាន់តែស្អាត។
Galaxy S9 បំពាក់ដោយ អេក្រង់ Infinity Display ដែលជាប្រភេទ Super AMOLED មានទំហំ ៥,៨ អ៊ីញ ខណៈដែល Galaxy S9+ មានទំហំ ៦,២ អ៊ីញ។ Galaxy S9 មាន Ram 4GB ចំនែក Galaxy S9+ មាន RAM ទំហំ ៦GB។
សំរាប់ទីផ្សារវិញ ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមលក់នៅទីផ្សារអាមេរិចមុនគេ ដោយអាចកុម៉្មង់ទិញកំពូលស្មាតហ្វូនទាំងពីរនេះបានចាប់ពីថ្ងៃទី ២ ខែមីនា និងចេញលក់នៅថ្ងៃទី ១៦ខែដដែល។ សម្រាប់តម្លៃវិញ Galaxy S9 ៧១៩ ដុល្លារ និង៨៣៩ ដុល្លារ សំរាប់ Galaxy S9+៕ សុភ័ក្ត្រ