ភ្នំពេញ ៖ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងសារលើផេកហ្វេសប៊ុកថា កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួប
ខ្ញុំពីរឿងវិវាទដីធ្លីទំហំ៦០អាជាមួយក្រុមហ៊ុន 7NG ដែលកន្លងទៅបានឈូសឆាយដីអភិវឌ្ឍន៍លុបចូលលើដីគាត់(ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។
លោកដួង តារា បានលើកឡើងថា យាយតាមានលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីដែលមានមេភូមិ មេឃុំដឹងឮ ចុះថ្ងៃទី ៤ ខែ៧ ឆ្នាំ ២០០៨ ហើយក៏មានបង្កាន់ដៃសុរិយោដីចុះចុចវាស់វែងបម្រុងធ្វើប័ណ្ណជូនពួកគាត់កាលពីថ្ងៃទី ៩ ខែ ៥ ឆ្នាំ ២០១៨ ប៉ុន្តែយាយតាប្រាប់ថា ខាងក្រុមហ៊ុនបានប្រាប់ទៅសុរិយាដីថាកុំទាន់ឲ្យចេញប្លង់ឲ្យគាត់។ កាលពីថ្ងៃទី ១៩ មីនា ២០១៣ ក៏មានលិខិតបញ្ជាក់ពីមេឃុំវិហារសួរគ៍បញ្ជាក់ថា ដីនោះជាដីយាយតាបានកាន់កាប់អាស្រ័យផលពិតប្រាកដមែន ហើយកន្លងមកចៅហ្វាយស្រុកវិហារសួរគ៍ ក៏បានធ្វើកំណត់ហេតុហាមមិនឲ្យ 7NG ចាក់ដីលុបលើដីយាយតាឡើយ ទាល់តែដោះស្រាយជាមួយគ្នាឲ្យចប់រួចស្រេចជាមុនសិន។ ដោយសារលោកយាយគ្មានមធ្យាបាយទាក់ទងទៅក្រុមហ៊ុនបាន ទើបពួកគាត់សម្រេចដាក់ពាក្យស្នើសុំអន្តរាគមន៍រកយុត្តិធម៌មកកាន់វិមានសន្តិភាព ។
លោកបន្តថា “ខ្ញុំបានទាក់ទងទៅប្អូនឧកញ៉ា ស្រី ចន្ធូ រួចហើយពីករណីខាងលើ ហើយក៏បានជម្រាបទៅយាយតាផងដែរថា នឹងរកឱកាសបានជួបបង្ហាញឯកសារដីទាំងសងខាង ដើម្បីឈានទៅបញ្ចប់វិវាទ។ ប្អូនឧកញ៉ា ក៏សម្តែងនូវការពេញចិត្តក្នុងការចូលរួមដោះស្រាយ ព្រោះកន្លងមកប្អូនមិនបានដឹងថាមានរឿងវិវាទកើតឡើងដូច្នេះដែរ។ អរគុណប្អូនឧកញ៉ាចំពោះទឹកចិត្តប្រកបដោយគុណធម៌ដ៏ល្អប្រពៃចំពោះពលរដ្ឋស្លូតត្រង់។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ