Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​បណ្ឌិត ថោង ខុន ថ្លែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​កីឡាករ កីឡាការិនី «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​»

CAMSOC-​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​កីឡាករ កីឡាការិនី ក្នុងឱកាស​បើក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» នៅ​ព្រឹក​ព្រឹ​លឹម​ថ្ងៃអាទិត្យ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តំបន់​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​។​

​ស្ថិតនៅក្រោម​បរិ​យាស​កាស​ដ៏​ស្រស់ត្រកាល និង​ស្នាមញញឹម​ប្រកបដោយ​ការគាំទ្រ​នៃ​អ្នកចូលរួម​នានា​, ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍ថា គណៈកម្មការ​រៀបចំ​មាន​មោទនភាព ដែល​ទទួលបាន​ការចូល​រួម​ពី​យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នក​ស្នេហា​វិស័យ​កីឡា​ជិះ​កង់​ចំនួន​៣៥១​នាក់ ក្នុងនោះ​មាន​បងប្អូន កូនក្មួយ​មកពី​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ព្រមទាំង​ជនបរទេស​មួយចំនួន ដែល​កំពុង​រស់នៅ​កម្ពុជា មានដូចជា ឥណ្ឌា ចិន ថៃ ហ្វីលីពីន និង​អង់គ្លេស​។ ក្នុង​ស្មារតី​កីឡា ការ​ចាញ់ឈ្នះ​ជា​រឿង​ធម្មតា តែ​សំខាន់បំផុត គឺ​ការចូលរួម​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​បាន​រស់នៅក្នុង​សុខសន្តិភាព និង​មាន​មោទនភាព​ក្នុង​ព្រះរាជាណាចក្រ​មួយ ដែល​ប្រកាន់ខ្ជាប់​នូ​វលិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង និតិរដ្ឋ​។ យើង​កំពុង​រស់នៅ​ក្នុងសង្គម​ជាតិ​មួយ ដែល​ពោរពេញ​ទៅដោយ​ស្មារតី សាមគ្គីភាព មិត្តភាព គោរព​ស្រឡាញ់គ្នា ចេះ​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក នៅក្នុង​គ្រប់​កាលៈទេសៈ ដែល​នេះ គឺជា​កម្លាំង និង​ជា​ថាមពល​មួយ​ដ៏​រឹងមាំ​ក្នុង​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ កម្ពុជា​បច្ចុប្បន្ន និង​ឆ្ពោះទៅកាន់​អនាគត​មួយ​ដ៏​រុងរឿង​។ ទោះបីថា​កម្ពុជា​យើង​ទប់ស្កាត់ និង​បញ្ចៀស​បានការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក៏ដោយ ប៉ុន្តែ​ការអនុវត្តន៍ ៣​កុំ ៣​ការពារ នៅតែ ជាអាទិ​ភាពចាំបាច់​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ជាប្រចាំ​។​

«​ខ្ញុំ​គិតថា ថ្ងៃនេះ​កីឡាករ​ទាំងអស់​ក៏ដូចជា​ប្រជាជន​យើង​ទូទាំងប្រទេស ពិត​ជាមាន​មោទនភាព​ណាស់​ចំពោះ​ការអភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស​របស់​ទីក្រុង​ព្រះសីហនុ​របស់​យើង ដែលជា​ទីក្រុង​ដ៏​ចម្បង​មួយ​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែលជា​តារា​រះ​នា​ទិសនិរតី​។ រាជរដ្ឋាភិបាល​បាន​ដាក់ទុន​យ៉ាងច្រើន ដើម្បី​អភិវឌ្ឍ​ទីក្រុង​នេះ ដើម្បី​បង្កើន​ការទាក់ទាញ អ្នកវិនិយោគ និង​ទេសចរណ៍​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​មកកាន់​ខេត្ត​នេះ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ថា ជា​ប៉ូល​សេដ្ឋកិច្ច​ពហុ​បំណង​របស់​ប្រទេសជាតិ​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​សម្តែង​ការកោតសរសើរ​ដោយស្មោះ​ចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​សហការី ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុងការ​រៀបចំ​គ្រប់គ្រង ថែរក្សា​សន្តិសុខ សុវត្ថិភាព អនាម័យ របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង​យ៉ាង​មាន​ប្រសិទ្ធភាព​។ សូម​បងប្អូន​មេត្តា​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​ឲ្យ​បានល្អ​។ សូម​យក​ទិវា​នៃ​ក្តី​ស្រឡាញ់​បង្ហាញ​នូវ​ការស្រឡាញ់ ភាព​ស្អាត និង​បៃតង​ក្នុង​ទីក្រុង និង​នៅតាម​ឆ្នេរសមុទ្រ​របស់​យើង មាន​សោភ័ណភាព ស្រស់បំព្រង​ជានិច្ច​»​។ នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ថោង ខុន​។​

​ឆ្លងកាត់​ការប្រកួត និង​ការ​ជិះ​កង់​កម្សាន្ត​លក្ខណៈ​គ្រួសារ ដៃគូ ប្រកបដោយ​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៃ​តំបន់​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នេះ គណៈកម្មការ​បច្ចេកទេស​បាន​រកឃើញ​ជ័យលាភី លើ​វិញ្ញាសា​៤០​គីឡូម៉ែត្រ​ផ្នែក​នារី លេខ​១ កីឡាការិនី សូត្រ ស្រី​ណុ​ច​, លេខ​២ កីឡាការិនី ខេន ម៉ាឡៃ និង​លេខ​៣ កី​ឡ​ការិនី យ​ត កន្និកា​។ ជ័យលាភី​ផ្នែក​បុរស លេខ​១ កីឡាករ កែវ រដ្ឋា​, លេខ​២ កីឡាករ សាន ណា​ម៉ៅ និង​លេខ​៣ កីឡាករ ស៊ាំ​ង សីហា​។ ក្រៅពី​ជ័យលាភី​នេះ កីឡាករ កីឡាការិនី​ទាំងអស់​ក៏​ទទួលបាន​នូវ​មេដាយ​បញ្ចប់​ទី​ជា​អនុស្សាវរីយ៍​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×