ខេត្តកណ្តាល ៖ បន្ទាប់ពីជនបង្កជាប្តីបានដុតផ្ទះឆេះគ្មានសល់ បានធ្វើឲ្យគ្រួសារមួយរងទុកទុក្ខវេទនា មិនត្រឹមតែគ្មានជម្រកជ្រកកោនដូនគេទេ សូម្បីតែម្ហូបអាហារ គ្រឿងឧបភោគបរិភោគក៏គ្មានដែរ។
ប៉ុន្តដោយក្តីអាណិតអាសូរពីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ឲ្យស្លាប់ ដោយមិនបានដឹង កាកបាទក្រហមសាខាខេត្តកណ្តាល បាននាំអំណោយមនុស្សធម៌មួយចំនួន ជូនដល់គ្រូសារដែលផ្ទះឆេះដោយសារប្តីចិត្តខ្មៅបំផ្លាញគ្មានសល់។
កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ២០២១ នេះ លោកស្រី គង់ ខាន់បុស្សិបាលេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកណ្តាល បាននាំអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារ ដែលស្វាមីចាក់សាំងដុតសម្លាប់ខ្លួន បណ្តាលឱ្យឆេះផ្ទះអស់ កាលពីថ្ងៃទី១៤ កុម្ភៈ ២០២១កន្លងទៅនេះ ក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល។
អំណោយដែលសាខា បានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ប្រេងឆា ១ដប ,សម្ភារៈផ្ទះបាយ១កញ្ចប់ធំ ,តង់១ផ្ទាំង ,ម៉ាស់ ១០បន្ទះ ,អាល់កុល១ដប និងថវិកាចំនួន ៥០ម៉ឺនរៀល៕ រក្សាសិទ្ធិដោយ៖CEN