ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា យោងកាសែត Vietnam News ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម សូមជម្រាបជូន និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងមួយចំនួន មេត្តាជ្រាបថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី ១០ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។ នៅខេត្ត Thua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះ ម៉ោង ១១ ព្រឹក ដល់ ១ រសៀល។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី ៨ ទៅ ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ពពក វ៉ែនតា និងធ្វើឱ្យរលាក ក្នុងរយៈពេល ២៥ នាទី។ សន្ទស្សន៍ចាប់ពី ១១ ឡើងទៅ ជាកាំរិតកាំរស្មីយូវីខ្លាំងណាស់ អាចបង្កឱ្យខូចខាតស្បែក និងភ្នែក ក្នុងរយៈពេល ១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។
ស្ថានឯកអគ្គរាជទូតកម្ពុជាសូមឲ្យនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាននៅ ប្រទេសវៀតណាម ពិសេសនៅតាមខេត្ត និងក្រុងដូចមានរាយឈ្មោះខាងលើ សូមមានការប្រុងប្រយ័ត្ន ការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ការពារកំដៅ, បាំងមុខ, ក, ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះ អាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទានទឹកឲ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឲ្យគ្រប់គ្រាន់ និងមេត្តាបន្តយកចិត្តទុកដាក់ការពារសុខភាពឲ្យបាន ហ្មត់ចត់ ជៀសវាងការឆ្លង Covid-19។ ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕ រក្សាសិទ្ធិដោយ៖ចេស្តារ