ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញសេចក្តីសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវអចលនវត្ថុ ដី និងអគារទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់ លោក សម រង្ស៊ី នៅក្នុងសំណុំរឿងដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេច ហេង សំរិន។
ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នរបស់តុលាការ បានចេញសេចក្តីសម្រេចបញ្ចប់ថា៖ ១៖ រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ជាអចលនវត្ថុ (ដី និងអគារ) ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព ០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំតុលាការសម្រេចដល់សំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។ ទី២៖ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្តុះអាសន្ននេះ កូនបំណុលឈ្មោះ សម រង្ស៊ី ត្រូវផ្ញើប្រាក់តម្កល់នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤.២៥០.០០០.០០០ (បួនពាន់ពីររយហាសិបលាន)រៀល ជាប្រាក់រំដោះ។ ទី៣៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់កូនបំណុល៕ ដោយ៖បញ្ញាស័ក្តិ