Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពញា​ចក្រី ហេង សំរិន ជំរុញ​ឲ្យ​មន្ត្រី​បក្ស​គ្រប់​ថ្នាក់​មាន​ភាព ស្មោះត្រង់ ក្នុង​ការបម្រើ​ប្រទេសជាតិ​

​ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណ​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ គ្រប់ផ្នែក​មាន​ភាពស្មោះត្រង់ និង​បម្រើ​ជាតិ និង​ប្រជាជន​អស់ពី​ចិត្ត​ពី​ថ្លើម ប្តេជ្ញា ការពារ​គណបក្ស​នៅ​គ្រប់​កាលៈទេសៈ រាំង​ស្កាត់​បាតុភាព​អសកម្ម​របស់​មន្ត្រី​គណបក្ស ដោយ​ភាពម៉ឺងម៉ាត់​តាម​អភិក្រម “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” ។​

​សម្តេច​បានលើកឡើង​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ក្នុង​ការបិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍រ​បស់​គណៈអចិន្ត្រៃយ៍​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ស្តីពី សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ របស់​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​បាន​កោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជា​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ទូទាំង​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​បម្រើប្រជាជន​នាពេល​កន្លងមក​។ សម្តេច​បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៣ ដើម្បី​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ​អំពី​សភាពការណ៍​ទូទៅ និង​ការងារ​របស់ គណបក្ស​នៅ​ឆ្នាំ​២០២០ កន្លងមក និង​កំណត់​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ ។ ប៉ុន្តែ​អាស្រ័យ​ដោយ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីត​-១៩ ទើប​គណបក្ស​មិនអាច​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៣​នេះ​បាន​។​

​ហេតុនេះ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ត្រូវ​រៀបចំ​របាយការណ៍​បូកសរុប​ខាងលើ សម្រាប់​ជា​ត្រីវិស័យ​ជូន​ដល់​គណៈកម្មាធិការ គណបក្ស​គ្រប់​ថ្នាក់ គ្រប់ផ្នែក មន្ត្រី​សមាជិក សមាជិកា​គណបក្ស​ទាំងអស់​ជ្រួតជ្រាប ដោយមាន​ការឯកភាព​គ្នា អំពី​ការវាយតម្លៃ​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២០ និង​កំណត់​ទិសដៅ​ភារកិច្ច​សម្រាប់​អនុវត្តន៍​នៅ​ឆ្នាំ​២០២១ ។​

​សម្តេច​ប្រធានកិត្តិយស​គណបក្ស បាន​លើកទឹកចិត្ត​សមាជិក​ទាំងអស់ បន្ត​កសាង​ពង្រឹង លើកកម្ពស់​សមត្ថភាព ប្រសិទ្ធិភាព​ការងារ​របស់ ក​ម្មា​ធិ​ការ​គណបក្ស​គ្រប់​ថ្នាក់ ក្នុងការ​ដឹកនាំ​អនុវត្តន៍​រាល់​ភារកិច្ច នយោបាយ​ដោយ​ប្រកាន់ខ្ជាប់​គោលការណ៍​សមូហភាព​ដឹកនាំ​ម្នាក់ៗ ទទួលខុសត្រូវ មាន​របៀបរបប​ធ្វើ​ការងារ​ច្បាស់លាស់ និង​ប្រជុំ​ជីវភាព​បក្ស​ទៀងទាត់ ផ្សាភ្ជាប់​ជិតស្និទ្ធ​ជាមួយ សមាជិក​គណបក្ស និង​មហាជន ។​

​សម្តេច​ស្នើ​ឲ្យ​ក្រុមការងារ​បន្ត​ពង្រឹង ស្ថាប័ន​ជំនួយការ​របស់ គណបក្ស​គ្រប់​ថ្នាក់ ដើម្បី​ធានា​និរន្តរភាព​ការងារ និង​ជួរ​មន្ត្រី​ជំនាញ​បន្តវេន បន្ត​ជំរុញ​រៀបចំ​រចនាសម្ព័ន្ធ​យុវជន​គណបក្ស​គ្រប់​ថ្នាក់ សំដៅ​ជួយ​គណបក្ស​ក្នុងការ​គ្រប់គ្រង​សមាជិក​បក្ស​ជា​យុវជន​លើ​ការងារ​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង​សំដៅ​រួមចំណែក​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​របស់​គណបក្ស ។ បន្ត​ជំរុញ​ការកសាង ពង្រីក​សមាជិក​គណបក្ស​ដោយ​យកចិត្តទុកដាក់ អំពី​គុណភាព ស្របតាម​សំណូមពរ​នៃ​យុទ្ធសាស្ត្រ​របស់​គណបក្ស​គឺ “​សមាជិក​គណបក្ស​មួយរូប ជា​សំឡេងឆ្នោត​គាំទ្រ​គណបក្ស​មួយ​សន្លឹក​” ។​

​កិច្ចប្រជុំ​កិច្ច​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ បាន​បិទ​បញ្ចប់ ក្រោយ​បរិយាកាស​រីករាយ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការនាំមក​នូវ​ភាពជោគជ័យ​ជូន​គណបក្ស​ទៀត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នាពេលខាងមុខ​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×