ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើ ប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន១៩៥៤ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។
ការចុះឈ្មោះប្រើប្រាស់យ៉ាង ច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រ និងការយក ចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការពារសុខភាព សាធារណៈសម្រាប់ទាំងអស់ គ្នា។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះ ស្ថាននានា ចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» នេះសម្រាប់ទីតាំងរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- ១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាតនៃជំងឺនេះ ដូចបណ្ដាប្រទេសផ្សេងទៀត។ សូមសាធារណ ជនទាំងអស់ចូលរួមសហការស្កេន QR Code នេះ នៅតាមទីតាំងដែលមានដាក់ QR Code «ទប់ស្កាត់កូវីដ Stop Covid» តាមរយៈគេហទំព័រ stopcovid.gov.kh ដោយចុចលើពាក្យ «ចាប់ផ្តើមស្កេន»។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 | 012 979 079 ឬគេហទំព័រ www.mptc.gov.kh និងទំព័រហ្វេសប៊ុក «ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications»៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ