Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ជា​ឃាតករ​លាក់​មុខ​បំផ្លាញ​ជីវិត​ប្រជាជន​

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សារលិខិត​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​២២ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ២០២១​។​

​ក្នុងឱកាស​ដ៏​មហោឡារិក​ប្រារព្ធ​ខួប​លើក​ទី​២២ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ២០២១ នេះ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ​ក្តី​សោមនស្ស រីករាយ និង​សូម​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​២២​នៃ​ទិវា​ជាតិ​នេះ ដែល​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​បងប្អូន ជនរួមជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយសារ​គ្រឿងផ្ទុះ ទាំងនោះ ដែល​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​តែងតែ​ចាត់ទុកថា “​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ជា ឃាតករ​លាក់​មុខ​បំផ្លាញ​ជីវិត​ប្រជាជន​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា សង្គ្រាម​បាន​បន្សល់​នូវ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដែល​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​យើង​រាប់ម៉ឺន​នាក់ រងរបួស ធ្លាក់ខ្លួន​ពិការ និង​ស្លាប់បាត់​បង់ជីវិត ព្រមទាំង​បង្ក​នូវ សោកនាដកម្ម​ដ៏​ឈឺចាប់​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក​និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​។ ជាមួយនឹង​ការ បង្រួបបង្រួម​ជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពេញ​ផ្ទៃ​ប្រទេស ក្រោម​នយោបាយ ឈ្នះ ឈ្នះ​។ នៅ​ចុងឆ្នាំ​១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​ដោះស្រាយ​នូវ​ផល​អវិជ្ជមាន​ទាំងនេះ និង​សម្រេចបាន នូវ​សមិទ្ធផល​សំខាន់ៗ​ជា​បន្តបន្ទាប់​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​ចូលរួម​ដល់​កិច្ច គាំពារ​សន្តិភាព​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២០ រយៈពេល ២៨​ឆ្នាំ កន្លងមកនេះ ផ្ទៃដី​ទំហំ ២ ១៣៨ គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​សម្រាប់​យកទៅ​ប្រើប្រាស់​និង​បង្កបង្កើនផល ក្នុងនោះ​វិស័យ​កសិកម្ម ៥៨​ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ១២​ភាគរយ និង​ផ្សេងៗ ៣៨ ភាគរយ រួមមាន​ការសាងសង់​លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព ជាដើម ដោយមាន​ប្រជាពលរដ្ឋ​ទទួលផល​ចំនួន ៦ ៣៥៧ ៨៥៣​នាក់​។ មីន​ប្រឆាំង​មនុស្ស ចំនួន ១ ០៩៥ ៧៥០​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ចំនួន ២៥ ៤៨៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់បញ្ចូល ទាំង​គ្រាប់បែក​ចង្កា​ម​ចំនួន ២៨៨៥ ២៩៤ គ្រាប់ ត្រូវបាន​រកឃើញ​និង​បំផ្លាញចោល​។ ទន្ទឹមនឹងនោះ​ចំនួន​ជនរងគ្រោះ​បាន​ថយចុះ​ពី ៤ ៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម ៦៥​នាក់ ក្នុង​ឆ្នាំ​២០២០ កន្លងទៅ​។ ជោគជ័យ​ថ្មី​មួយទៀត ក្នុង​ឆ្នាំ​២០២០ គឺ​ការបញ្ចប់​ការស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីន​ជា​មូលដ្ឋាន គ្រប់​ស្រុក ក្រុង ទូទាំងប្រទេស ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ផែនការ​បោសសម្អាត​។​

​ក្នុងនាម​ជា​ប្រទេស​ស្រលាញ់​សុខសន្តិភាព រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែងតែ​យកចិត្តទុកដាក់ គិតគូរ និង​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដូចគ្នា តាមរយៈ​ការបញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ចូលរួម​បំពេញបេសកកម្ម ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិ​ការរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ក្នុងប្រទេស​ចំនួន ៩ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី យេ​ម៉ែន ឆាដ ម៉ាលី និង​អា​ហ្វ្រិ​កណ្តាល សរុប​ចំនួន ៧ ១២៣​នាក់ (​នារី ៤១៩​នាក់​)​។​

​ជាមួយនឹង​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ សម្តេច​តេ​ជោ សូម​ឆ្លៀត​យក​ឱកាស​នេះ សម្តែង នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ​ប្រទេស​ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍ ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្អូនៗ ក្មួយៗ ជា​អ្នកដោះមីន ដែល​បាន​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការ​បោសសម្អាត​មីន​លក្ខណៈ​មនុស្សធម៌​នេះ ដែល​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​បានចាត់ទុក​វិស័យ បោសសម្អាត​មីន ជា​ការងារ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ផ្តល់​សុខ​សុវត្ថិភាព និង ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​ថ្វីបើ​វិស័យ​សកម្មភាព​មីន បាននិងកំពុង​ទទួល​លទ្ធផល​ដ៏​ធំធេង​យ៉ាងណាក៏ដោយ កម្ពុជា​ត្រូវ​ធ្វើការ បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន ៨៣៥ គីឡូម៉ែត្រ​ក្រឡា និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក ចង្កោម ចំនួន ១ ៣១៦ គីឡូម៉ែត្រ​ក្រឡា​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥​។ ជាមួយគ្នានេះ ការងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅតែ​ជា​កិច្ចការ​ដ៏​ចាំបាច់​មួយ ក្នុងការ​កាត់បន្ថយ​គ្រោះ ថ្នាក់ និង​ផលប៉ះពាល់​អវិជ្ជមាន ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​នៅតាម​សហគមន៍​។​

​ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បន្ត​ការយកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដែល​បង្កឡើង ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤២០១៨-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។​

​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​២២​នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន​២៤​កុម្ភៈ នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន សូម​ធ្វើការ​អំពាវនាវ ដូចតទៅ​៖

​ទី​១- ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ ត្រូវ​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត ក្នុងការ​ផ្សព្វផ្សាយ​ការយល់ដឹង ពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និង​យុវជន​ក្រៅ​សាលា នៅតាម​សហគមន៍​ដែល​រង​ផលប៉ះពាល់ តាមរយៈ​សកម្មភាព​អប់រំ​ដោយផ្ទាល់​នៅតាម​សហគមន៍ សាលារៀន និង​វត្ត​អារាម ការអនុវត្ត គោលនយោបាយ​ភូមិ -​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការផ្សព្វផ្សាយ​ទូលាយ តាម​វិទ្យុ ទូរទស្សន៍ បណ្តាញ​សង្គម ផ្ទាំង​ប៉ាណូ និង​ខិត្តប័ណ្ណ​។​

​ទី​២- អាជ្ញាធរ​មីន ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​កំណត់​ឱ្យបាន​ជាក់លាក់​នូវ​តំបន់ ឬ​ទីតាំង​ដែល​រង​ការ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធ្វើការ​អប់រំ​ទប់ស្កាត់​គ្រោះថ្នាក់​បាន​ទាន់ ពេលវេលា ព្រមទាំង​រៀបចំ​សារ​អប់រំ និង​វិធីសាស្ត្រ​អប់រំ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទៅតាម​បរិបទ នៃ​សហគមន៍​ដែល​រង​ផលប៉ះពាល់ និង​ឥរិយាបថ​របស់​ជន​ងាយ​រងគ្រោះ​។​

​ទី​៣- ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍ សូម​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក ចង្កា​ម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់ និង​សង្គ្រោះ​ជនពិការ​ដោយសារ គ្រឿងផ្ទុះ​ទាំងនេះ​។​

​សម្តេច​សូម​អំពាវនាវ​ផងដែរ ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តា​ចូលរួម​អនុវត្ត​ដូចខាងក្រោម ៖

​បើ​បងប្អូន​កូនក្មួយ​ឃើញ​មីន គ្រាប់បែក​ចង្កោម ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សូមកុំ​ប៉ះពាល់ កុំ​ដុត និង​កុំ​គប់​លេង ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់ ធ្លាក់ខ្លួន​ពិការ និង​បាត់​បង់ជីវិត ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត​។​

​ហាម​ទិញ លក់ រក្សាទុក កែច្នៃ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែលជា​អំពើ​ខុសច្បាប់ ។​

កុំ​ប្រើប្រាស់​ដី​និង​កុំ​ចូលក្នុង​តំបន់​ដែល​មិន​ស្គាល់​ច្បាស់ ឬ​សង្ស័យថា​មាន​មីន គ្រាប់បែក​ចង្កោម​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×