ខេត្តរតនគីរី ៖ ការលើកឡើងរបស់់លោកថង សាវុន អភិបាលខេត្តរតនគិរី បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសសម្ពោធរួមគ្នាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាពីរកន្លែងនៅអនុវិទ្យាល័យ ប៊ូថងខាំភៀង ក្នុងភូមិយ៉ាក់ប៉ូយ ស្រុកអូជុំ និងសាលាបឋមសិក្សា សាកៀង ស្រុកបរកែវខេត្តរតនគិរី ក្រោមជំនួយរបស់អង្កការ ភ្លែន អន្តរជាតិ។
លោកអភិបាលខេត្តក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រៀមទុកនូវដីទំនេរ ដែលស្ថិតនៅតំបន់អាទិភាពសម្រាប់សាងសង់អគារសិក្សាដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវការបោះបង់ការសិក្សារបស់ប្រជាជន ដែលស្ថិនៅតំបន់ឆ្ងាយៗ ហើយចូលរួមថែរក្សានូវសមិទ្ធផលដែលសប្បុរសជន អង្កការដៃគូរ ឬប្រមុខរាជរដ្ឋាភិបាលប្រគល់ឲ្យ ជាការចូលរួមលើកស្ទួយដល់គោល នយោបាយជាតិនៃការអប់រំសំរាប់ទាំងអស់់គ្នា និងគោលដៅទី៤ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងនៅក្នុងពិធីនោះលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា សមិទ្ធិផលសំខាន់ៗថ្មីៗដែលអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ នៅខេត្តរតនគីរីរួមមាន សំណង់អាគារសិក្សាថ្មីចំនួន ៩ កន្លែងដែលមាន ៤៣ បន្ទប់រៀន និងបំពាក់ដោយបរិក្ខារសម្ភារៈអនាម័យ។
លោកស្រីបញ្ជាក់ថា ការវិនិយោគលើការ កែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅតាម សាលារៀនដែល ផ្តល់ផល ប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស ២.៩៩៩នាក់ (ក្មេងស្រី ១.០៧៥នាក់) និង រាប់ពាន់នាក់ ទៀតនាពេលអនាគត៕ រក្សាសិទ្ធិដោយ៖CEN