Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងពលតូច​លេខ​៧០ បានរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ កងពលតូច​លេខ​៧០ បានរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ នៅ​ទីបញ្ជាការ​កងពល ដែលមាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ចំនួន​៥​អង្គភាព​រួមមានៈ កងពលតូច​លេខ​៧០ យោធភូមិភាគ​១ យោធភូមិភាគ​២ បញ្ជាការដ្ឋាន​វិស្វកម្ម ក​.​ទ​.​គ បញ្ជាការដ្ឋាន​ការពារ​អាកាស ក​.​ទ​.​គ​។​

​ការចាក់​វ៉ាក់សាំង​នេះ​បាន​ធ្វើឡើង​រយៈពេល ១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ និង​មេបញ្ជាការ​នៅតាម​បណ្តា​អង្គភាព​ដែល​ពាក់ព័ន្ធ​ដ៏ទៃទៀត​។

​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​ដឹកនាំ​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ កងពលតូច​លេខ​៧០ ចាក់​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​មានប្រសាសន៍​ទៅកាន់​នាយទាហាន ពលទាហាន​ទាំងអស់​ថា ត្រូវ​ជឿជាក់​លើ​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម​នេះ ព្រោះ​ទម្រាំ​ផលិត​បាន​វ៉ាក់សាំង​មួយ គឺមាន​ការគិតគូរ និង​សិក្សា​ល្អិតល្អន់​ជាទីបំផុត ដូច្នេះ​កុំ​មានការ​ព្រួយបារម្ភ​នៅពេល​ចាក់ ដោយ​គ្រាន់តែ​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​។ មួយវិញទៀត ត្រូវ​ជឿជាក់​លើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលយក​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម​នេះ មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​សូមជម្រាបថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ចិន ចំនួន​៦០​ម៉ឺន​ដូ​ស​នេះ ជា​ប្រភេទ​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម ដែល​ផលិត​ដោយ​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ​។ ក្រោយ​មកដល់​ប្រទេស​កម្ពុជា វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម​ទាំងនេះ បាន​ត្រូវ​ប្រគល់ជូន​ក្រសួងការពារជាតិ​ចំនួន ៣០​ម៉ឺន​ដូ​ស និង​ប្រគល់ជូន​ក្រសួងសុខាភិបាល​ចាត់ចែង​ចំនួន ៣០​ម៉ឺន​ដូ​ស​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

 

×