Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ៖ វីរភាព​របស់​យុទ្ធជន​កម្ពុជា​ដែល​ពលី​ក្នុង​សង្គ្រាម នៅតែ​ដិតដាម​ក្នុង​ក្រអៅបេះដូង​ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​កម្ពុជា​ជាប់​ជានិច្ច មិនអាច​បំភ្លេច​បានឡើយ​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ឈរលើ​ស្មារតី​ដឹងគុណ​យុទ្ធជន​ពលី​ក្នុងសម័យ​សង្គ្រាម ទើប​មានការ​រៀបចំ​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​កម្មាភិបាល យុទ្ធជន និង​បើក​ការដ្ឋាន​សាងសង់​-​ជួសជុល​ទីលាន​ផ្នូរ​យុទ្ធជន ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​ចំនួន ៤៤៧​សព នៅ​ទីលាន​ផ្នូរ​យុទ្ធជន​ខេត្តកោះកុង (​សព​យុទ្ធជន​) ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តកោះកុង បាន​មានប្រសាសន៍ថា សង្គ្រាម​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​រំដោះ និង​ការពារ​ប្រទេស​កុំឱ្យ​របប​ប្រល័យ​ពូជ​សាស្ត្រ​វិល​មកវិញ​បានធ្វើឱ្យ​យុទ្ធជន​កម្ពុជា​មិនតិច​នោះឡើយ បាន​ពលី​ជីវិត​។ វីរភាព​របស់​យុទ្ធជន​កម្ពុជា នៅតែ​ដិតដាម​ក្នុង​ក្រអៅបេះដូង​ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​កម្ពុជា​ជាប់​ជានិច្ច មិនអាច​បំភ្លេច​បានឡើយ​។ ការរៀបចំ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ ជួសជុល​ទីលាន​ផ្តូ​រ​យុទ្ធជន ខេត្តកោះកុង​នា​ថ្ងៃនេះ គឺធ្វើឡើង​ក្នុង​ស្មារតី​ចងចាំ​ជានិច្ច នូវ​គុណូបការៈ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កម្មាភិបាល​វីរ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ​ដែល​បានធ្វើ​មហា​ពលី​កម្ម​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​សមរភូមិ ដើម្បី​រំដោះ​មាតុភូមិ​ពី​កណ្តាប់ដៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន និង​សង្គមជាតិ​ឱ្យ​រស់​ឡើងវិញ រហូត​មានការ​រីកចម្រើន​ដល់​សព្វថ្ងៃនេះ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា ទោះបីជា​រយៈពេល​៤២​ឆ្នាំ​បាន​កន្លងផុតទៅ​ហើយក៏​ពិតមែន ប៉ុន្តែ​យើងទាំងអស់គ្នា​នៅតែ​ចងចាំ​ជានិច្ច ហើយ​ថែមទាំង​ដិតដាម ក្នុង​ក្រអៅបេះដូង​របស់​យើងទាំងអស់គ្នា​ជានិច្ច​ជា​កាល មិនអាច​បំភ្លេច​បានឡើយ​នូវ​វីរ​កម្មាភិបាល វីរ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ ដែល​បាន​ពុះពារ​ដ៏​អង់អាច​ក្លាហាន ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​យ៉ាងច្រើន​ឥត​គណនា ដើម្បី​រួមគ្នា​ជាមួយ​ឥស្សរ​-​ជន​តស៊ូ​ជាន់ខ្ពស់​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ពលិកម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​វីរ​អតីតយុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ គឺ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ការកសាង​សុខសន្តិភាព និង​ស្ថេរភាព​សង្គម សម្រាប់​កម្ពុជា សំដៅ​ធានាឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ សម្តេច​ពិជ័យ​សេនា ក៏បាន​រំឭក​ឡើងវិញ​ព្រឹត្តិការណ៍​ជាក់ស្តែង​មួយចំនួន ដែល​កម្ពុជា​បាន​ជួបប្រទះ​ក្នុងការ​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ដែល​បង្ក​ការឈឺចាប់​ខ្លោចផ្សា​មិនអាច​ថ្លាថ្លែង​បាន ចំពោះ​ប្រជាជន​កម្ពុជា​ទាំងមូល និយាយ​ជារួម និយាយ​ដោយឡែក​ប្រជាជន​នៅ​ខេត្តកោះកុង បាន​បន្សល់​ស្លាកស្នាម​មិនទាន់​រលុប​អស់​នៅឡើយ​មកដល់​ពេលបច្ចុប្បន្ន​នេះ​។ ជាច្រើន​ជំនាន់ ប្រទេស​កម្ពុជា ពុំ​ធ្លាប់​ទទួលបាន​សន្តិភាព ពេញលេញ​ដូច​សម័យ​សព្វថ្ងៃនេះ​ទេ ជួនកាល​មានការ​បែកបាក់​ទៅជា​២ ជា​៣​ភាគី ដែលនាំឱ្យ​ប្រទេសជាតិ​មាន​ជម្លោះ​នឹង​គ្នា​ឥតឈប់ឈរ​នាពេល​កន្លងមក​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់​បន្ថែមថា តាមរយៈ​ព្រឹត្តិការណ៍​ទាំងអស់នេះ ទើប​បន្សល់ទុក​ផ្នូរ​អតីតយុទ្ធជន ដែល​ក្រុមការងារ​បាន​ខិតខំ​សាងសង់​ជួសជុល​ទីលាន​ផ្ទុរ​យុទ្ធជន ខេត្តកោះកុង ដែលជា​ការបង្ហាញ​ពី​ភាព​ក​ត្ត​ញ្ញូ ការដឹងគុណ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ដើម្បីឱ្យ​មនុស្ស​ជំនាន់​ក្រោយ​យល់​ជ្រួតជ្រាប ទុកជា​ប្រវត្តិសាស្ត្រ​ដែល​មនុស្ស​ជំនាន់​មុន​បាន​ឆ្លងកាត់​ទៅតាម​ដំណាក់កាល​នីមួយៗ ធ្វើជា​មេរៀន​ដ៏​មានតម្លៃ​សម្រាប់​កសាង និង​ការពារ​ប្រទេសជាតិ​ត​ទៅមុខទៀត​។​

​ពិធីបុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល ជូន​ដួង​វិញ្ញាណក្ខន្ធ​កម្មាភិបាល យុទ្ធជន និង​បើក​ការដ្ឋាន​សាងសង់​ទីលាន​ផ្នូរ​យុទ្ធជន មានការ​ចូលរួម​ពី​សំណាក់​លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​, នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួង​ការ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​, នាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ុន លើ​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ថ្នាក់​ដឹក​ក្រសួងការពារជាតិ​, រដ្ឋបាល​ខេត្តកោះកុង និង​មេបញ្ជាការ​មេ​បញ្ជា​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ គ្រប់​ស្ថាប័ន​អង្គភាព​ខេត្ត ជា​សមាជិក​ផងដែរ​។​

​ការរៀបចំ​បើក​ការដ្ឋាន​សាងសង់​ទីលាន​ផ្នូរ​យុទ្ធជន ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាមស៊ីវិល គឺធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដើម្បី​រំ​ឮ​កនូវ​គុណ​នូ​ប្បការៈ ការបូជា​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់ របស់​យុទ្ធជន​កម្ពុជា ដើ​ម្ប​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា ឱ្យ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សព​អតីត​កម្មាភិបាល យុទ្ធជន ដែល​បាន​យកមក​បញ្ចុះ​នៅ​ទីលាន​ផ្នូរ​យុទ្ធជន នៅក្នុង​ភូមិ​លេខ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ទាំង ៤៤៧​សព​នេះ ជា​យុទ្ធជន​មកពី​បណ្តា ១៨​រាជធានី​-​ខេត្ត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បានឱ្យ​ដឹ​ថា ការសាងសង់ និង​ជួសជុល​តំបន់​ទីលាន​ផ្នូរ​សព​អតីតយុទ្ធជន គឺមាន​ទំ​ហ៊ុ​ដី​ជាង ៩៥០០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ទីលាន​ផ្នូរ​សព​នេះ មាន​រៀបចំ​ជា​ស្តូប​តម្កល់​កោដ្ឋ ផ្នូរ​សម្រាប់​សព​យុទ្ធជន​នីមួយៗ រោងបុណ្យ កន្លែង​ចារ​ឈ្មោះ​សប្បុរសជន និង​កន្លែង​ចត​រថយន្ត​ជាដើម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន បាន​លើកឡើងថា ការសាងសង់ និង​ជួសជុល​ទីលាន​ផ្នូរ​អតីតយុទ្ធជន​នាពេលនេះ គឺជា​កិច្ច​តបស្នង​សងគុណ​យុទ្ធ​មិត្ត ជា​នាយទាហាន ពលទាហាន ដែល​បាន​លះបង់ អាយុជីវិត​ក្នុងសម័យ​សង្គ្រាម ដើម្បី​បូរណភាព​ទឹកដី ការពារ​ប្រទេសជាតិ មាតុភូមិ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ដើម្បី​ឈាន​រក​សន្តិភាព​ជូន​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដោយ​មិន​គិត ពី​ការ​បូរ​ជា​អាយុជីវិត​របស់ខ្លួន​នោះឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន បាន​បញ្ជាក់ថា ក្នុងសម័យ​សង្គ្រាម​នាយ​ទាហាន ពលទាហាន​បាន​លះបង់​អាយុជីវិត​ច្រើនណាស់ ដើម្បី​ការពារ​ប្រទេសជាតិ​ឱ្យបាន​គង់វង្ស ដូច្នេះ ដើម្បី​តបស្នង​សងគុណ និង​គោរព​នូវ​វិញ្ញាណ​ក្ខ័​ន្ធ​ដល់​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន ដែល​ហ៊ាន​លះបង់​អាយុជីវិត​។​អនុវត្តន៍​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អនុវត្តន៍​ក្រោម​ការចង្អុលបង្ហាញ​រប​ស់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បរ​នាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ស្ថាបនា​តំបន់​មួយ​នេះ​ឱ្យ​សាក​សម និង​ប្រែក្លាយជា​តំបន់​ដឹក​គុណ​នូ​ប្បការៈ អតីត​សព​យុទ្ធជន​។​សម្រាប់​ទីលាន​ផ្នូរ​សព​អតីត​យុទ្ធ គឺ​ត្រូវ​សាងសង់ឡើង​តាម​រចនាបទ​ខ្មែរ​សុទ្ធសាធ​។ ក្រុមការងារ​ជំនាញ​សិក្សា និង​កែលម្អ​បន្ថែមទៀត​នូវ​រចនាបទ​អង្គរ ហើយ​ប្រវត្តិ​ទីតាំង​នេះ​បានដាក់​សាកសព​យុទ្ធ​ពល ដែល​ពលី​ជីវិត ដើម្បី​បូរណភាព​ទឹកដី​នេះ តាំងពី​ខែកក្កដា ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩៨៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×