ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មន្ត្រីនគរបាលប្រមាណជា ៥០នាក់ ត្រូវបានធ្វើចត្តាឡីស័ករកវីរុសកូវីដ-១៩។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជា១០០នាក់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា “មិនទាន់មានសញ្ញាណាមួយរកឃើញនគរបាលជាតិណាម្នាក់មានកូវីដ១៩ នៅឡើយទេ។ ហើយក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានមន្ត្រីនគរបាលប្រមាណជា ៥០នាក់ ត្រូវបានកំពុងធ្វើចត្តាឡីស័ក ដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់កុំឲ្យមានការឆ្លងនៅក្នុងកងកម្លាំងនគរបាលជាតិ”។
សូមជម្រាបថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺមានអ្នកករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៧៧នាក់ ដោយក្នុងនោះ មាន៧០នាក់បានឆ្លងចូលក្នុងសហគមន៍ និង ៧នាក់ អ្នកដំណើរចូលមកកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ