Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិ​ប្រមាណ​ជាង​៦ ម៉ឺន​នាក់ ត្រៀម​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​

​ភ្នំពេញ ៖ កម្លាំង​នគរបាលជាតិ​ទូទាំងប្រទេស ប្រមាណ​ជាង​៦ ម៉ឺន​នាក់ បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ទទួលយក​ការចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​នគរបាល​ទៅ​ពលរដ្ឋ ខណៈ​កងកម្លាំង​នគរបាលជាតិ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​កម្លាំង​ការពារ​ព្រំដែន​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា កម្លាំង​នគរបាលជាតិ គ្រប់ផ្នែក និង គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មាន​ជំនឿរ​ជឿជាក់ លើ​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការទទួលយក​ការចាក់​វ៉ាក់សាំង​នេះ ដើម្បី​ការពារ​ខ្លួន​ជៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩ ក្នុង​ប្រតិបត្តិ​ការការពារ សន្តិសុខ សណ្ដាប់ សាធារណៈ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគម​នាពេល​បច្ចុប្បន្ន​ផងដែរ​។​

​ការ​ថ្លែង​បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ដឹកនាំ​ថ្នាក់ដឹកនាំ​មន្ត្រី​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ព្រឹក​ថ្ងៃទី ២៣ កុម្ភៈ​នេះ​។​

​លោក​ក៍បាន​ថ្លែងអំណរគុណ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានអនុញ្ញាត​ឲ្យ​កម្លាំង​នគរបាលជាតិ ទទួលបាន​ការចាក់​វ៉ាក់សាំង​នេះ ខណៈ​បច្ចុប្បន្ននេះ កម្លាំង​នគរបាលជាតិ ដែល​ចូលរួម​សកម្មភាព​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​ជាត ៥០​រូប​ហើយ កំពុង​ធ្វើ​ច​ត្ថា​ឡី​ស័ក្ក ដោយ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ មិនទាន់មាន​មន្ត្រីនគរបាល​ណា​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ឡើង​នោះទេ​។​

​នាឱកាស​នោះដែរ​លោក​ក៍បាន​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ជឿជាក់​លើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ខ្ពង់​ខ្ពស់បំផុត របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទទួលយក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​កុំ​ចាញ់បោក​ការ​ញុះញង់​ពី​ជន​មួយ​ក្ដាប់​តូច ដែល​បំភ្លៃ​ព័ត៌មាន​ទាក់ទង​ទៅនឹង វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ ។​

​សូមជម្រាបថា​ការចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ជូន​ទៅដល់​កម្លាំង​នគរបាលជាតិ​ទូទាំងប្រទេស និង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី ២៣ កុម្ភៈ​នេះ​តទៅ ដោយ​អង្គភាព​នីមួយៗ ត្រូវ​ដឹកនាំ​កងកម្លាំង​របស់ខ្លួន មក​ទទួល​វ៉ាក់សាំង ស្របតាម​ការសម្របសម្រួល​របស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×