ភ្នំពេញ ៖ ម៉ាស់ចំនួន៥ម៉ឺនម៉ដែលជាការឧបត្ថម្ភ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ខណៈដែលការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានឆ្លងចូលសហគមន៍ រាធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ។
ការចែកម៉ាស់បានធ្វើឡើងដឹកនាំកម្លាំងផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាចធានីភ្នំពេញ និងលោក លោកស្រីស្នងការរងធ្វើឡើងរយៈពេល០១ថ្ងៃពេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមគោលដៅជាច្រើនបណ្តាខណ្ឌទាំង១៤។ការចែកម៉ាស់ជូនប្រជាពលរដ្ឋនេះផងដែរ ត្រូវគេមើលឃើញថាអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញបញ្ចេញម៉ាស់ ចែកជូនប្រជាពលរដ្ឋពាក់ប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ គ្រាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួនទៀតដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ចូលសហគមន៍នេះ។
នៅពេលចែកម៉ាស់ខាងលើនោះផងដែរលោកលោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ក៏បានណែនាំប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចពីជំងឺឆ្លងកូវីដ១៩ ។ជាពិសេសត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជានៅឃ្លាតឆ្ងាយពីគម្លាតសុវត្ថិភាព, ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, លាងដៃនឹងសាប៊ូ អាល់កុលឱ្យបានញឹកញាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ