Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន Facebook និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល បាន​សហការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បរិ​ច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook នៅ​កម្ពុជា​

​ភ្នំពេញ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១៖ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់​ដំណើរការ​កម្មវិធី​បរិ​ច្ចាគ​ឈាម​ក្នុងប្រទេស​កម្ពុជា​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​របស់​ក្រសួងសុខាភិបាល​។ រហូតមកដល់​ពេលនេះ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ចំនួន​២២ បាន​បើក​ដំណើរកា​នៅក្នុង Facebook ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​រួមគ្នា​នេះ​។​

​នៅ​ទូទាំង​ពិភពលោក ជីវិត​មនុស្ស​រាប់លាន​នាក់​ពឹង​ផ្អែកលើ​លទ្ធភាព​ទទួលបាន​ការ​ផ្គត់ផ្គង់​ឈាម​ប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព​។ មិន​ថា​ជាការ​ផ្តល់​ឈាម​ជាប្រចាំ ឬ ការផ្តល់​ឈាម​សម្រាប់​ការសង្គ្រោះ​បន្ទាន់​នានា​ដូចជា គ្រោះថ្នាក់​តាម​ដងផ្លូវ ការវះកាត់​ស្មុគស្មាញ ឬ​ភាពស្មុគស្មាញ​ផ្នែក​ជំងឺ​ផ្សេងៗ​ក្តី លទ្ធភាព​ទទួលបាន​ឈាមមាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាពិសេស​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​គិត​កម្រៃ​។

​ដោយសារ​ពិចារណា​លើ​បញ្ហា​ទាំងអស់នេះ កម្មវិធី​បរិច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook ត្រូវបាន​បង្កើតឡើង​ដើម្បី​ណែនាំ​មហាជន​ទូទៅ​ចាប់អារម្មណ៍​លើ​កិច្ច​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទូទាំងប្រទេស និង​ជួយ​កសាង​សហគមន៍​មួយ​ដែល​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​នេះ ហើយ​យើង​កំពុង​សម្លឹង​ឆ្ពោះ ទៅរក​ការពង្រឹង​ឌីជីថល​នីយកម្ម​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង ដោយ​ណែនាំ​ប្រជាជន​ឲ្យ​ស្គាល់​សេវាកម្ម​ជាតិ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​គិត​កម្រៃ​។ យើង​លើកទឹកចិត្ត​ប្រជាជ​ពលរដ្ឋ​ដែល​ចាប់អារម្មណ៍​ចុះឈ្មោះ​ដើម្បី​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ជីវិត​។​(​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​ឌីជីថល​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​)

​កម្មវិធី​បរិច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook បាន​ជួយ​បង្កើន​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​ទូទាំង​ពិភពលោក​។ កម្មវិធី​នេះ​ផ្តល់​ជម្រើស​ដល់​មនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៨ ទៅ ៥៥​ឆ្នាំ​ឱ្យប្រើ​ប្រាស់​កម្មវិធី​លើ Facebook ដើម្បី​ចុះឈ្មោះ​ទទួលបាន​ការជូនដំណឹង​ពី​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ដែល​នៅក្បែរ​ពួកគេ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ធ្វើដំណើរ ទៅ​បរិច្ចាគ​ឈាម​។​
​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Facebook បានធ្វើ​ការងារ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ក្នុងស្រុក​ផ្សេងៗ​ទៀត ដើម្បី​ធានាថា ប្រជាពលរដ្ឋ​មានលទ្ធភាព​ទទួលបាន​ព័ត៌មាន​ផ្នែក​សុខាភិបាល​ដែល​អាច​ទុកចិត្តបាន​តាម​ប្រព័ន្ធ​អន​ឡាញ​។ កត្តា​នេះ​ក៏​នឹង​ជួយ ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ផងដែរ​ដូចជា​ព័ត៌មាន​ស្តីពី​ការព្យាបាល​ថែទាំ​ជំងឺ​ក្លែងបន្លំ​ជាដើម​។​ល​។​

​លោក ហេង ភក្តី ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន Facebook បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន Facebook សង្ឃឹមថា​ក្រុមហ៊ុន​នឹង​អាចជួយ​បង្កើត​សហគមន៍​មួយ​ដែល​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក​។ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ នៅ​ទូទាំង​ពិភពលោក មនុស្ស​កាន់តែ​ច្រើនឡើង​កំពុង​ប្រើប្រាស់​ផ្លាត​ហ្វ​ម​ឌីជីថល​នានា​ដើម្បី​បង្កើត​ការយល់ដឹង​អំពី​សុខភាព និង​បង្កើត​ប្រព័ន្ធ​គាំទ្រ​នានា​។ ក្រុមហ៊ុន​មាន​ក្តី​រីករាយ​ក្នុង​ការធ្វើការងារ ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​ផ្សេងៗ​ដើម្បី​ធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​បរិច្ចាគ​ឈាម និង​ធានាថា​មនុស្ស​កាន់តែច្រើន​មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ឈាម​ប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព​”​។​

​អ្នកប្រើប្រាស់ Facebook ជាង ៨៥​លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ចុះឈ្មោះ​តាមរយៈ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ ដើម្បី​ទទួលបាន​ការជូនដំណឹង​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​នៅ​ជិត​ពួកគេ​។ កម្មវិធី​នេះ​បច្ចុប្បន្ន​មាននៅ​ក្នុងប្រទេស​ចំនួន ៣០ រួមទាំង​កម្ពុជា​ផងដែរ​។​

​ដើម្បី​ស្វែងយល់​បន្ថែម សូម​ចូលទៅ​កាន់ www.facebook.com/donateblood៕

×