ភ្នំពេញ៖សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានវេទិកាសភាអាស៊ី-បាស៊ីហ្វិក(APPF) ចាប់ពីខែឧសភា ឆ្នាំ២០១៨នេះទៅ ខណៈស្ថាប័ននីតិប្បញ្ញត្តិ នេះ បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាមួយនេះ នាខែមករា ឆ្នាំ២០១៩ ខាងមុខ។ នៅក្នុងខែឧសភាឆ្នាំនេះដែរ សភា ប្រទេសវៀតណាម ដែលបច្ចុប្បន្នជាប្រធានAPPF និងប្រគល់ទង់APPF មកឲ្យសភាកម្ពុជា ដើម្បីដឹកនាំការងារបន្តពីប្រទេសខ្លួន។
នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមការងារផ្នែកឯកសារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧របស់APPFនេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានមានប្រសាសន៍ថា តាមបទបញ្ជាផ្ទៃក្នុងរបស់APPF សភាប្រទេសវៀតណាម នឹងប្រគល់ទង់APPF ឲ្យកម្ពុជានៅក្នុងខែឧសភា ហើយ ចាប់ពីពេលនោះទៅ សភាកម្ពុជានឹងក្លាយជាប្រធានAPPF ពោលគឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងក្លាយជាប្រធាន APPF។
លោក បានគូសបញ្ជាក់ថា បើទោះបីតួនាទីផ្លូវការជាប្រធានរបស់APPF កម្ពុជាត្រូវទទួលនៅក្នុងខែឧសភាយ៉ាងណាក៏ដោយ ការងារត្រៀមរៀបចំ កិច្ចប្រជុំលើកទី២៧នោះ ត្រូវដំណើរការចាប់ពីពេលនេះតទៅ។ លោក បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមការងារខ្លឹមសារ ដែលបង្កើត ឡើងដោយសេចក្តីសម្រេចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសមាសភាពចូលរួម សមាជិកសមាជិការដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងមន្ត្រីជំនាញអគ្គលេខាធិការដ្ឋានសភាទាំងពីរបានជួបប្រជុំគ្នា ដើម្បីពិនិត្យលទ្ធផលការងារ និងការអនុវត្តទិសដៅបន្តទៀត។
លោក ឈាង វុន បានកោតសរសើរចំពោះក្រុមលេខាដ្ឋានជាតិAPPF ដែលបង្កើតឡើងដោយអគ្គលេខាធិការដ្ឋានសភាកម្ពុជាទាំងពីរ គឺអគ្គលេខា- ធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា។ ក្រុមលេខាធិការដ្ឋាននេះ បានធ្វើការដោយយកចិត្តទុកដាក់ និងបានសម្រេចលទ្ធផលមួយចំនួនហើយ ជាពិសេស ប្រតិទិនការងារជាក់លាក់មួយ ដែលជាត្រីវិស័យនោះ។
នៅក្នុងរបាយការណ៍ជូនកិច្ចប្រជុំ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិAPPF បានលើកឡើងថា ក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ លេខាធិការដ្ឋានជាតិAPPF បានបែងចែកការងារចេញជាពីរដំណាក់ កាល។ ដំណាក់កាលទី១ គឺចាប់ពីពេលនេះ ដល់ខែឧសភា ជាពេលសភាកម្ពុជាទទួលទង់APPFជាផ្លូវការ។ ដំណាក់កាលទី២ គឺចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ថ្ងៃបើកកិច្ចប្រជុំ ដែលគ្រោងធ្វើនៅក្នុងខែមករា ឆ្នាំ២០១៩ នាខេត្តសៀមរាប។
លោក អគ្គលេខាធិការ បានគូសបញ្ជាក់ថា នៅចំពោះមុខគឺក្រុមការងារលេខាធិការដ្ឋាននឹងកំណត់កាលបរិច្ឆេទ និងនីតិវិធីក្នុងពិធីទទួលទង់APPF ពីប្រទេសវៀតណាម។ កំណត់មូលបទនៃកិច្ចប្រជុំ កំណត់កាលបរិច្ឆេទ និងពេលវេលានៃកិច្ចប្រជុំ និងកំណត់ស្លាកសញ្ញាកិច្ចប្រជុំ(Logo) ដើម្បីដាក់ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេច នៅដើមខែមេសា។ លទ្ធផលនៃការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើបញ្ហាខាងលើនោះ គឺដើម្បីទុកជម្រាបទៅភាគីប្រទេសវៀតណាមវិញ នៅក្នុងពិធីប្រគល់ និងទទួលទង់ ក្នុងខែឧសភានោះ។ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា នេះនីតិវិធីការងារ។
កិច្ចប្រជុំនាពេលនេះ ក៏បានលើកឡើងពីប្រតិទិនការងារដែលត្រូវអនុវត្តជាបន្តបន្ទាប់ទៅទៀត ទំរាំដល់ថ្ងៃរៀបចំកិច្ចប្រជុំតែម្តង។ អ្វីដែលក្រុមការងារ ត្រូវអនុវត្តចំពោះមុខនោះ មានដូចជាការស្វែងរកមូលបទ និងប្រធានបទ សម្រាប់វិស័យទាំង៥ នៃកិច្ចប្រជុំAPPF ដូចជាវិស័យនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ទិសដៅរបស់APPF និងវិស័យសមាជិកសភាជាស្ត្រី។
សូមជម្រាបថា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។
កិច្ចប្រជុំដឹកនាំដោយ លោក ឈាង វុន នាពេលនេះ បានផ្តល់ឱកាសជូនក្រុមការងារលេខាធិការដ្ឋានជាតិAPPF សិក្សាស្វែងយល់ដោយសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យខ្លឹមសារ ប្រធានបទ និងរូបភាព នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាមួយនេះ បានចូលរួមចំណែក ដល់ការលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ពិសេសការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការរវាង សភាកម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក៕ ដោយ ៖ បញ្ញាស័ក្តិ