កំពង់ស្ពឺ ៖ ករណីក្រុមប្រឆាំងដែលដុតទីមោងរូបសម្តេចតេជោនៅអូស្ត្រាលីនោះ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានថ្លែងថា ជាទង្វើរគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធិភាពអ្វីប៉ះពាល់ដល់រាសីសម្ដេចឡើយ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រសហគ្រាសនៅខេត្តកំពង់ស្ពឺ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា ការដុតរូបសម្តេចដោយត្រឹមតែភ្ជាប់រូបថតមិនមានប្រសិទ្ធភាពនោះទេ។ សម្តេចថ្លែងថា បើចង់មានប្រសិទ្ធភាពត្រូវទៅដុតរូបនាគនៅតាមវត្ត ព្រោះតែសម្តេចមានឆ្នាំកំណើតជាឆ្នាំរោង។
តែទោះជាយ៉ាងណាសម្តេចបានបញ្ជាក់ថា សម្តេចមិនតបតជាមួយក្រុមអ្នកដុតរូបសម្តេចនោះទេ ដោយសម្តេចបានលើកឡើងថា បើឆ្កែខាំជើងហើយ ទៅខាំឆ្កែវិញក៏មិនកើតដែរ។
សម្តេចតេជោ បញ្ជាក់ថា ៖ “ដុតរូបទីមោង មិនអាចឲ្យខ្ញុំងាប់ទេ បើចង់ធ្វើឲ្យខ្ញុំងាប់ មានតែដុតរូបនាគ ព្រោះខ្ញុំកើតឆ្នាំរោង (នាគ) ហើយបើដុតរូបនាគ គឺដុតនាគក្នុងវត្តទៀត ។ បើដុតត្រឹមរូបទីងមោង ខ្ញុំមិនងាប់ទេ។ ការដុតរូបទីងមោងនេះ មិនអាចឲ្យសម្ដេចស្លាប់នោះទេ” ។
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួន រួមមាន អាមេរិក កាណាដា និងអូស្ត្រាលី បាននាំគ្នាដុតរូបទីងមោងសម្ដេច ហ៊ុន សែន ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល។ សកម្មភាពរបស់ពលរដ្ឋខ្មែរទាំងនោះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ប្រកាសហាមពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ដុតរូបទីងមោងសម្ដេច នៅពេលចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី ខាងមុខនេះ។
ទាក់ទងនឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងចរចាការទូតជាមួយប្រទេសអូស្ត្រាលី ដើម្បីឲ្យមានការធានាកិត្តិយសសម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ។
រដ្ឋាភិបាលអូស្ត្រាលីមានភាពកំសោយទុកឱ្យក្រុមប្រឆាំងដុតរូបទីងមោងដោយភ្ជាប់ជាមួយរូបសម្តេចតេជោ ហ៊ុន សែន។ កាលពីថ្មីៗនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដុតរូបទីងមោង ដោយភ្ជាប់ជាមួយរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបាននិងកំពុងធ្វើការជាមួយស្ថានទូតអូស្ត្រាលី ដើម្បីបញ្ឈប់សកម្មភាពដ៏អសីលធម៌ទាំងនេះផងដែរ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ក្រសួងបាននិងកំពុងធ្វើការ សម្របសម្រួល តាមផ្លូវការទូតជាមួយអូស្ត្រាលី ដើម្បីធានាបាននូវការគោរពចំពោះកិត្តិយស និងភាពថ្លៃថ្នូរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ក្នុងខែមីនាខាងមុខ តាមការអញ្ជើញផ្លូវការរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។ លោក ជុំ សុន្ទរី ៖ ក្រសួងការបរទេសក៏នឹងធ្វើដូចគ្នានេះ ជាមួយបណ្តាប្រទេសដទៃទៀត ចំពោះករណីដុតរូបថ្នាក់ដឹកនាំកម្ពុជាផងដែរ។
ចំពោះការចរចារវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីឲ្យមានការគោរពភាពថ្លៃថ្នូររបស់មេដឹកនាំខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលដឹកនាំដោយលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ បាននាំគ្នាដុតរូបទីងមោងដោយមានភ្ជាប់ជាមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយការនិយាយនូវពាក្យអសុរោះជាច្រើន ថែមទៀតផង។ ក្រៅពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ពលរដ្ឋខ្មែរនៅកាណាដា ដែលគេដឹងថាសុទ្ធតែជាមនុស្សមាននិន្នាការគាំទ្រអតីតបក្សសង្គ្រោះជាតិ ក៏បាននាំគ្នាដុតរូបបែបនេះផងដែរ។គួររំលឹកថា៖ការដុតរូបរបស់ពួកគេបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានព្រមានតាមវាយពួកគេដល់ផ្ទះប្រសិនបើមានការដុតរូបសម្តេច។
គួរបញ្ជាក់ដែរថា ៖ នៅខែក្រោយនេះអូស្ត្រាលីអញ្ជើញមេដឹកនាំអាស៊ានទាំង១០ ឲ្យទៅប្រជុំនៅក្នុងប្រទេសរបស់ខ្លួន តែបែរជាបណ្តោយឲ្យមានការប្រមាថដល់ភាពថ្លៃថ្នូរបស់មេដឹកនាំអាស៊ានទៅវិញ តើអ្វីទៅជាបំណងពិតរបស់អូស្ត្រាលី តើអូស្ត្រាលីចង់បង្កើតទំនាក់ទំនងល្អជាមួយអាស៊ាន ឬមួយយ៉ាងណា?អាស៊ាន គួរតែដឹងពីគោលការណ៍កុងសង់ស៊ីរបស់អាស៊ាន ដូច្នេះបើអូស្ត្រាលីធ្វើឲ្យមេដឹកនាំអាស៊ានណាមួយមិនសប្បាយចិត្តជាមួយខ្លួន នោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលធ្វើអំឡុងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ អាចនឹងមិនមានលទ្ធផលល្អនោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ