ភ្នំពេញ៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ដែលកំពុងរត់គេខ្លួននិងស្នាក់នៅបណ្តោះអាសន្ននៅសហរដ្ឋអាមេរិក បានមានសង្ឃដីកាប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រថា ព្រះមហាក្សត្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋខ្មែរ បាននិងកំពុងសោយនិងផឹកទឹកនោមរបស់វៀតណាម ដែលបានជុះដាក់ទឹកទន្លេបួនមុខ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះមហាក្សត្រថា ស្តេចសោយទឹកនោមវៀតណាម នេះជាទង្វើប្រមាថដែលមិនអាចទទួលយកបាន ហើយប្រជាពលរដ្ឋខ្មែរដែលចូលចិត្តលេងហ្វេសប៊ុក បានស្នើសូមក្រសួងការបរទេស និងក្រសួងធម្មការ ចាត់វិធានការ តាមការទូតដល់ព្រះសង្ឃពាលមួយអង្គនេះផង។
ក្នុងកិច្ចពិភាក្សាជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា៖ “រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរវាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្ត្រីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក”។
មតិក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា ដល់ពេលដែលត្រូវ មុជទឹក ឆ្លុះកញ្ចក់ ដុះក្អែលចេញខ្លះៗហើយ បើនៅតែបណ្តែតបណ្តោយ ឲ្យសង្ឃក្រៅវត្តក្រៅ ទមិឡឥតសាសនានេះ ដើរក្រឡុកកូរសង្គមដើម្បីបម្រើផលប្រយោជន៍នយោបាយបក្សនោះ ច្បាស់ណាស់ ប្រទេសខ្មែរ និងសាសនាខ្មែរនឹងរលាយជាមិនខាន។ តាមពិតអំពើខុសឆ្គង ទៅនឹងវិន័យសង្ឃ ក៏ដូចបំពានច្បាប់រដ្ឋ គួរតែចាប់ផ្សឹកចោល ហើយប្រគល់ចាត់ការតាមច្បាប់ ល្មមគ្រប់គ្រាន់ហើយ កុំឲ្យលើសជាងនេះទៀត នេះប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនរូបវ័ន្តបុគ្គលធម្មតាទេ។
សង្ឃដីការបស់ ប៊ុត ប៊ុនតិញ ដែលបានប្រមាថព្រះមហាក្សត្រ ត្រូវបានប្រតិកម្មយ៉ាងខ្លាំងៗពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានទាមទារឲ្យសមត្ថកិច្ចចាប់ខ្លួនសង្ឃអង្គនេះដាក់ពន្ធនាគារ ដោយសារបានប្រព្រឹត្តផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ។
ការប្រមាថរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាទង្វើដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលបានឡើយ និងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើបនឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេះ ការប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លាន ដល់១០លានរៀល។
វិសោធនកម្មច្បាប់នេះ បានចែងថា៖ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕ ដោយ៖បញ្ញាស័ក្តិ