ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាងថា សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ នៅមិនទាន់ចុះអនុវត្តបទបញ្ជា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមន្ត្រីក្រោមឱវាទ ចាត់វិធានការចុះអនុវត្តច្បាប់ទៅលើរថយន្តដឹកទំនិញលើទម្ងន់ និងរថយន្តកែច្នៃគ្រប់ប្រភេទកាលពីពេលថ្មីៗនេះ គឺរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តមិនទានមានប្រសិទ្ធភាពទេ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសង្កេតឃើញថា រាល់ថ្ងៃនេះ មានរថយន្តដឹកទំនិញធុនធំ នៅតែបង្ហាញវត្តមានតាមផ្លូវសាធារណៈមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ៤ និងនៅក្នុងទីប្រជុំជនក្នុងក្រុងព្រះសីហនុពេលថ្ងៃជាដើម បានបន្តកើតមាន។
ក្រុមប្រជាពលរដ្ឋ មានចម្ងល់ថា មូលហេតុអ្វីបានជាសមត្ថកិច្ចនៅតាមស្ថាប័នពាក់ព័ន្ធ ពិសេសអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន មិនមានវិធានការ ឲ្យបានតឹងរឹង ដើម្បីអនុវត្តបទបញ្ជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចាត់វិធានការទៅលើរថយន្តដឹកលើសទម្ងន់ និងរថយន្តកែច្នៃគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាពដោយទុកបណ្តោយ ឲ្យមានរថយន្តដឹកទំនិញធំៗ អាចធ្វើសកម្មភាពនាមូលដ្ឋាននេះ ដោយគ្មានការហាមឃាត់។ ជាក់ស្តែងគេសង្កេតឃើញថា នៅតាមផ្លូវជាតិលេខ៤ និងនៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះនៅឃើញមានរថយន្តដឹកទំនិញកែច្នៃវែងៗ បានបើកចូលក្នុង និងបន្តធ្វើសកម្មភាពដឹកជញ្ជូនទំនិញជាធម្មតា ដោយគ្មានសមត្ថកិច្ចពីស្ថាប័នណាមួយចេញមុខទប់ស្កាត់នោះទេ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញការហួសចិត្តកាលបើសង្កេតឃើញថា បទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឥទ្ធិពលជាវិជ្ជមានតែក្នុងរយៈពេលខ្លី និងពុំមានប្រសិទ្ធភាពចំពោះរថយន្តដឹកទំនិញធំៗ និងមានកាត់តទ្រង់ខុសបច្ចេកទេសនោះទេ ព្រោះប្រភេទរថយន្តដឹកទំនិញលើសទម្ងន់ និងកាត់តខុសបច្ចេកទេសមួយចំនួន បានបន្តធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤ និងនៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ដោយរលូន។
កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅតាមរាជធានី-ខេត្តនានាទូទាំងប្រទេស ឲ្យចាប់ឃាត់រថយន្តកែច្នៃ និងដឹកលើសទម្ងន់ ត្រូវឃាត់ទុក ហើយអភិបាលខែត្រ-ស្រុក-ខណ្ឌនីមួយៗ ត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។
យ៉ាងនេះក្តីបទបញ្ជានេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ សង្កេតឃើញថា សមត្ថកិច្ច នៅក្រោមឱវាទ នៃរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ប្រការនេះប្រជាពលរដ្ឋសង្ស័យថា ទំនងជាអាចបណ្តាលមកពីក្រុមហ៊ុនវិនិយោគមួយចំនួន និងអ្នកមានអំណាចមានឥទ្ធិពលខ្លះ ជាមន្ត្រីធំៗកំពុងបំរើការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលជាម្ចាស់នៃអាជីវកម្មដឹកជញ្ជូនទាំងនោះ ទើបបណ្ដាលឲ្យសមត្ថកិច្ចតូចតាចខ្លាច ញញើតនឹងរារែកក្នុងការអនុវត្តច្បាប់។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាអនុវត្តច្បាប់លើរថយន្តដឹកលើសទម្ងន់ រថយន្តតទ្រុង និងកាត់តកែច្នៃគ្រប់ប្រភេទទាំងអស់ ដែលកំពុងធ្វើចរាចរណ៍តាមផ្លូវសាធារណៈ នៅទូទាំងប្រទេសកម្ពុជា។ កាលណោះ សម្តេចតេជោ បានជំរុញឲ្យអភិបាលខេត្ត-ស្រុក-ខណ្ឌ ត្រូវទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន បើមិនចាត់វិធានការទេ នឹងប្រឈមដកតំណែង។
សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «ចាប់រថយន្តហើយ យើងអាចបិទក្រុមហ៊ុនចេញ។ ព្រោះអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មាន អ្នកឯងបំផ្លាញផ្លូវអស់ប៉ុន្មាន? រឿងឡានតមិនត្រូវមានវត្តមានលើផ្លូវ បើនៅស្រុកណា និងខេត្តណា ចៅហ្វាយស្រុក និងខេត្តនោះត្រូវទទួលខុសត្រូវ»។
ទោះជាបែបនេះក្តី គេសង្កេតឃើញថា រាល់ថ្ងៃនេះ មានរថយន្តដឹកទំនិញធំៗ ទាំងរថយន្តសណ្តោងកន្ទុយ រថយន្តកាត់តកន្ទុយ និងទ្រុងខុសលក្ខណៈទ្រង់ទ្រាយដើម របស់រថយន្តដើម បានបន្តធ្វើសកម្មភាព ឬធ្វើចរាចរណ៍ជាធម្មតា នៅតាមផ្លូវជាតិលេខ៤ និងបើកបរចេញចូលមកទីប្រជុំជនក្នុងក្រុងព្រះសីហនុពេលថ្ងៃបានបន្តកើតមានដដែល ហើយមិនឃើញមានអាជ្ញាធរពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយចេញមុខទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពនោះទេ។
ទាន់ទិនបញ្ហានេះ អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ មិនទាន់អាចទាក់ទង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពិសេស ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺបន្ថែមទៅលើប្រសិទ្ធភាព នៃការចុះអនុវត្តបទបញ្ជា របស់សម្តេច ហ៊ុន សែន ទៅលើរថយន្តដឹកទំនិញលើទម្ងន់ និងរថយន្តកែច្នៃគ្រប់ប្រភេទ ដែលកំពុងមានវត្តមាននៅតាមផ្លូវសាធារណៈ នាខេត្តព្រះសីហនុបានទេ នៅរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨៕ ដែន សីមា