Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ផ្លាក​ធ្វើរ​អាជីវកម្ម​ដឹក​អ្នកដំណើរ​តាម​រថយន្តក្រុង រថយន្តឈ្នួល រថយន្ត​តាក់ស៊ី និង​មធ្យោបាយ​ដឹក​អ្នកដំណើរ​គ្រប់ ប្រ​ភ​ទ​ចេញ – ចូល​ខេត្ត​ព្រះសីហនុ​មួយរយៈ​សិន​

​ព្រះសីហនុ ៖ សេចក្តីជូនដំណឹង រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ឱ្យបាន​ជ្រាបថា ក្នង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​ដែល​កំពុង​រស់នៅ ធ្វើ​ការប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​មួយចំនួន​ផងដែរ​។ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ រដ្ឋបាលខេត្ត សូម​ជម្រាប​ដល់ លោក លោកស្រី ជា​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​អ្នកបើកបរ​រថយន្តឈ្នួល អ្នកបើករថយន្ត​តាក់ស៊ី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អនុវត្តតាម​ការណែនាំ​។

​សេចក្តីជូនដំណឹង របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ផ្លាក​ធ្វើរ​អាជីវកម្ម​ដឹក​អ្នកដំណើរ​តាម​រថយន្តក្រុង រថយន្តឈ្នួល រថយន្ត​តាក់ស៊ី និង​មធ្យោបាយ​ដឹក​អ្នកដំណើរ​គ្រប់ ប្រ​ភ​ទ​ចេញ – ចូល​ខេត្ត​ព្រះសីហនុ​មួយរយៈ​សិន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ចៀសវាង​មានការ​ឆ្លង​រាលដាល បន្ថែមទៀត​ទៅដល់​ទីតាំង​ដទៃ​នាំឱ្យមាន​ការពិបាក​ក្នុងការ​គ្រប់គ្រង​។​

​ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​នៅ​បន្ត​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ត្រូវ​កម្រិត​ចំនួន​មនុស្ស​ជាក់លាក់​ត្រឹម ២​នាក់ គឺ អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ (​រថយន្ត​)​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ សូម​ផ្អាក​ការធ្វើដំណើរ​ចេញ -​ចូល ទៅ​-​មក​រាជធានី ខេត្ត​ផ្សេង​មួយរយៈ​សិន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បីឱ្យ​រដ្ឋបាលខេត្ត​គ្រប់គ្រង​បាន​នូវ​អ្នក​ឆ្លង​ជំងឺ កូ​វីដ​-១៩ អ្នកមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ និង​ទីតាំង​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​កំណត់​ជា មណ្ឌល​ច​ត្តា​ឡី​ស័ក ឱ្យបាន​ចប់សព្វគ្រប់​សិន​។

​សូម​បញ្ឈប់​ការជួប​ជុំគ្នា​នៅ​ទីកន្លែង​ប្រមូលផ្ដុំ​ច្រើន​កុះករ​ក្នុងករណី​មិនចាំបាច់ ហើយ​ត្រូវអនុវត្ត​ការរស់នៅ តាមបែប​ត​ន្ល​ង​ថ្មី ដោយ​ខិតខំ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​រួមមាន​៖ ៣ ការពារ គឺ​ពាក់​ម៉ាស លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​(​ចាប់ពី​១,៥​ម៉ែត្រ​ឡើងទៅ​ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​) និង ៣​កុំ គឺ កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង​ដែលមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​អោប​គ្នា ជាដើម​។​

​ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងៀម​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដោយ​ត្រូវ​បន្ថយ​ការជួបជុំ គ្នា​នៅតាម​ទីសាធារណៈ ទីប្រជុំជន​នានា និង​ពិធី​ផ្សេងៗ​។ ក្នុងករណី​ចាំបាច់​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស​ជាប់​ជានិច្ច​។ បើ​មាន​ករណី​សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វី​៨-១៩ ត្រូវ​ផ្តល់ព័ត៌មាន​មក​រដ្ឋបាល​ខេត្ត តាមរយៈ​ទូរស័ព្ទ​លេខ​៖ 012 794 896 (​ភាសា​ខ្មែរ​) 011 546 667 (​ភាសា​ចិន​) 012 789 222 (​ភាសា​អង់គ្លេស​)​។​
​ទទួលបាន​សេចក្តីជូនដំណឹង​នេះ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ត្រូវ​ទទួល បន្ទុក​ផ្សព្វផ្សាយ អនុវត្ត​ឱ្យបាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​នៅថ្ងៃនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​ធ្វើដំណើរ​ចេញចូល​ខេត្ត​ព្រះសីហនុ បើ​មិនចាំបាច់​នោះទេ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កុំ​ចេញ​ឆ្លងខេត្ត​ដទៃទៀត​ក្នុង​មួយរយៈ​ពេលនេះ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​មានការ​ឆ្លង​ជា​ហូរហែ​នោះ ។ ទន្ទឹមនឹងនោះ​សម្ដេច​តេ​ជោ ក៏បាន​សម្រេច​ផ្អាក​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទេសចរណ៍​ចូល​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ការដឹក​ទំនិញ​ចេញចូល​នៅ​ប្រព្រឹត្ត​ដដែល និង​បាន​បន្ត​អំពាវនាវ​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ កុំ​ចេញពីផ្ទះ បើសិនជា​គ្មាន​ភាពចាំបាច់​នោះទេ ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។ សម្តេច​តេ​ជោ ក៏បាន​ឯកភាព​ជាមួយ​សំណើ​ក្រសួង​អប់រំ ឱ្យ​បិទ​សាលារៀន នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ មួយរយៈ​បន្តទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×