ភ្នំពេញ ៖ មីចំនួន៥០០កេសដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក អ៊ុក ច័ន្ទវាសនា ជំនួយការលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត នៅសាលារាជធានីភ្នំពេញ។
លោកកើត ឆែ ក្នុងឱកាសនោះ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ឯក ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ សម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោក អ៊ុក ច័ន្ទវាសនា បានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងលោកស្រី តែងយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោកឃួង ស្រេង ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើបលោកឧត្តមសេនីយ៍ឯក និងលោកស្រី ប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




