Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​០១-០២ ខែមីនា ឆ្នាំ​២០២១

​ភ្នំពេញ ៖ កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី ១៣ (ASEM13) បានរៀបចំ​កិច្ចប្រជុំ​ចង្អៀត​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំ​ដោយ​ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឧ​ត្ត​ម​មន្ត្រី ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៃ​បណ្តា​ប្រទេស និង​ស្ថាប័ន​តំបន់​ជា​ដៃគូ ASEM ទាំងអស់​ផងដែរ​។

​ក្នុងឱកាស​ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ស្របពេល​នឹង​ការ​ប្រារព្ធ​ទិវា​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM Day) នៅ​ថ្ងៃ ០១ មីនា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​សុន្ទរកថា តាមរយៈ​វីដេអូ​ថត​ទុក ដើម្បី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឧ​ត្ត​ម​មន្ត្រី ASEM ទាំងអស់ និង​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​ការបង្កើត​វេទិកា​អន្តរ​តំបន់​មួយ​នេះ​។ ថ្លែង​ក្នុង​សុន្ទរកថា​នេះ ឯកឧត្តម បានបញ្ជាក់​ជាថ្មី​ពី​ភាព​ជឿជាក់ថា ASEM គឺជា​គ្រឹះ​មួយ​ក្នុងចំណោម​គ្រឹះ នានា​នៃ​អភិបាលកិច្ច​សកល ហើយ​ពហុភាគី​និយម ដែល ASEM តែងតែ​ផ្តល់​សារសំខាន់ គឺ​នៅតែ​បន្ត​ជា​ធាតុ​មិនអាច​ខ្វះ​បាន​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ផ្សេងៗ ដូចជា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជាដើម ។


​ក្នុងស្ថានភាព​នៃ​វិបត្តិ​ដែល​ពុំ​ធ្លាប់​កើតមាន​នេះ មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​បានដាក់​ចេញ “​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​” នៅតែមាន​ភាព​ពាក់ព័ន្ធ និង​កាន់​តែមាន​សារសំខាន់​ថែមទៀត ។ តាងនាម​ឱ្យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការរង់ចាំ​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​កំពូល ASEM ទាំងអស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​រាជធានី​ភ្នំពេញ នា​ឆ្នាំនេះ​។​

​កិច្ច​ប្រជុំបាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ដល់​កម្ពុជា លើក​កាលបរិច្ឆេទ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ទៅ​ចុងឆ្នាំ​២០២១ វិញ ដោយសារ​ហានិភ័យ​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ។ លើសពីនេះ ការលើក​ពេលនេះ គឺ​មិន​គ្រាន់​តែមាន​គោលបំណង​ធានា​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ ASEM អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​ឱ្យបាន​ថា​អន្តរ​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ គឺ​ប្រព្រឹត្តទៅ​ប្រកបដោយ​អត្ថន័យ ហើយ​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ដោយ​ត្រង់​ទៅ​ត្រង់​មក និង​មាន​លក្ខណៈ​ស្ថាបនា លើ​បញ្ហា​តំបន់ និង​សកល​ទាំងឡាយណា ដែល​ប៉ះពាល់​ប្រយោជន៍​រួម ថែម​ទៀតផង ។ មានតែ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​រូបវ័ន្ត​ប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​គោលបំណង​ខាងលើនេះ​។

​កិច្ចប្រជុំ បាន​គាំទ្រ​ទាំងស្រុង​លើ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​ស្នើឱ្យ​មានការ​រៀបចំ​វេទិកា​អាស៊ី​-​អឺរ៉ុប ស្ដីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ (Asia-Europe Forum on Women, Peace, and Security) ឱ្យបាន​ជាប្រចាំ និង​ក្លាយជា​ព្រឹត្តិការណ៍​អម​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​អម​នានា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុង​គោលបំណង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃ​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុងការ​អភិវឌ្ឍ ក៏ដូចជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ និង​ការថែរក្សា​សន្តិភាព​ជាដើម​។ ជាមួយគ្នានេះ អង្គប្រជុំ​បានទទួល ស្គា​ល់ពី​តួនាទី​របស់​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ដែល​សហការ​ជាមួយ​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​អម និង លើកកម្ពស់​ភាព​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី ASEM ផងដែរ​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​យ៉ាង​លម្អិត និង​ឯកភាព​លើ​ទម្រង់​នៃ​ឯកសារ​លទ្ធផល​របស់​កិច្ចប្រជុំ​កំពូល ចំនួន​ពីរ​៖ សេចក្ដីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ​នៃ​កិច្ច​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ និង​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្ដីពី​ការស្ដារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា លើ​សំណើ​ស្ដីពី​ការតភ្ជាប់​របស់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(Proposal on ASEM Connectivity) ដោយ​សង្ឃឹមថា ឯកសារ​នេះ​នឹង​ក្លាយជា​ឯកសារ​សមិទ្ធផល​ដ៏​សំខាន់​មួយ ដែល​នឹងត្រូវ​បានអនុម័ត​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​។​

​ជា​ចុងបញ្ចប់ ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប បាន​សម្ដែង​ការ​សាទរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កម្ពុជា ដែល​បន្ត​ប្ដេជ្ញា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ ក្នុង​ទម្រង់​ជា​រូបវ័ន្ត ក៏ដូចជា​បន្ត​រក្សា​វឌ្ឍន​ភាព​នៃ​ដំណើរការ ASEM ទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ​នៃ​ការកើតមាន​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត​ជុំវិញ​ពិភពលោក​យ៉ាងណាក៏ដោយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×