ភ្នំពេញ ៖ អគ្គិសនីដែលអ្នកផ្គត់ផ្គង់លក់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាអគ្គិសនីឬជញ្ជីងវាស់អគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីឲ្យនាឡិកានោះធ្វើការវាស់វែងនិងកត់ត្រាចំនួនគីឡូ(គវ៉ម៉) ដែលអ្នកផ្គត់ផ្គង់បានផ្តល់ទៅឲ្យអ្នកប្រើ ដើម្បីគម្រប់១ខែគេស្រង់យកចំនួនគីឡូអគ្គិសនីដែលបានផ្តល់នោះ យកទៅធ្វើវិក្កយបត្រគិតប្រាក់ថ្លៃអគ្គិសនី ។នេះបើតាមការផ្សព្វផ្សាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៧។
អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដូច្នេះទាំងចំនួនទឹកប្រាក់និងទាំងចំនួនគីឡូអគ្គិសនីត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺឋិតនៅលើថា តើការវាស់វែងនិងកត់ត្រារបស់នាឡិកាវាស់នោះ ត្រឹមត្រូវឬទេ? ។ សូមកុំយល់ច្រឡំថាឲ្យតែឧបករណ៍ប្រើអគ្គិសនីរបស់ខ្លួននៅដដែល គីឡូអគ្គិសនីដែលខ្លួនប្រើតាមខែត្រូវតែនៅដដែលដែរនោះ ពីព្រោះថា ទោះជាឧបករណ៍ប្រើប្រាស់នៅដដែលក៏ដោយ ចំនួនគីឡូនិងចំនួនថ្លៃអគ្គិសនីវាប្រែប្រួលទៅតាមចំនួនម៉ោងនិងចំនួននាទីដែលឧបករណ៍នីមួយៗបើកប្រើ(បើកប្រើ១ម៉ោង និងបើកប្រើ៣ម៉ោង ចំនួនគីឡូប្រើខុសគ្នា ៣ ដង) ។ ដូច្នេះចង់ឲ្យគីឡូចុះតិចត្រូវបើកឧបករណ៍នីមួយៗឲ្យតិចម៉ោងនិងតិចនាទីជាងមុន ។
ក្រុមការងារចំរុះរវាងអាជ្ញាធរអគ្គិសនីជាមួយ JICA ជប៉ុន នឹងរួមគ្នាធ្វើដំណើរចុះតាមបណ្តាខេត្ត/ក្រុង ទាំង ២៥ ទូទាំងប្រទេស តាមកម្មវិធីជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយការសង្ស័យលើគីឡូអគ្គិសនីឬលើថ្លៃអគ្គិសនីអស់ច្រើន របស់ប្រជាពលរដ្ឋ ។ ដូច្នេះ ៖ ប្រសិនបើសង្ស័យថាគីឡូឬចំនួនថ្លៃអគ្គិសនីឡើងមិនប្រក្រតី អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ណាក៏ដោយអាចបំពេញពាក្យស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជានិងក្រុមចំរុះយកឧបករណ៍ផ្ទៀងផ្ទាត់ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលតើវាដើរត្រឹមត្រូវទេ ។ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ ។
ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ឬក្រុមការងារចំរុះនេះទេ អ្នកនោះអាចទៅទិញនាឡិកាណាមួយដែលអ្នកនោះយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងប្រទេសណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។ល។ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា ឬក្រុមការងាររួមខាងលើ យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិការនោះវាស់និងកត់ត្រាទន្ទឹមគ្នាជាមួយនាឡិកាចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់ធ្វើសាក្សីមើលទាំងអស់គ្នាថាតើនាឡិកាចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើ វាស់ខុសពីនាឡិកាដែលអ្នកសង្ស័យទិញមកនោះទេ ។ បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម ។
អ្វីៗខាងលើនេះ និងកិច្ចសហប្រត្តិបត្តិការជាមួយ JICA ខាងលើនេះ គឺជាបង្ហាញនូវតម្លាភាពកាន់តែធំ និងបង្ហាញថាកិច្ចការរកភាពត្រឹមត្រូវនៃការសង្ស័យគីឡូអគ្គិសនីឬថ្លៃអគ្គិសនីអស់ច្រើន ដែលអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើពីមុនមក ទោះជាអ្នកបច្ចេកទេសជប៉ុន ក៏គេត្រូវធ្វើដូចគ្នាចឹងដែរ រួចបង្ហាញថាក្នុងការដោះស្រាយបញ្ហានេះ កម្ពុជាបើកទូលាយជាងជប៉ុនទៅទៀត៕ ដោយ៖ជាលី