ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនៅនឹងផ្លូវបេតុង ស្លាប់តែម្នាក់ឯង នៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃសុក្រទី៥ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះ ពិសី ភេទប្រុស អាយុ២០ ឆ្នាំជាង មានស្រុកំណើតនៅ ខេត្តក្រចេះ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BB 9244 ជិះដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះពេញទំហឹង បណ្តាលឲ្យដួលម៉ូតូបោកក្បាលនៅផ្លូវបេតុង ស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌច្បារអំពៅ និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សាមេត








