ភ្នំពេញ ÷ បុរសម្នាក់បានបែកក្បាលនិងធ្លាយខួរស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្លងផ្លូវ មិនប្រយ័ត្នត្រូវរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបើកជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូ ខ្ទាតចេញទៅខាងបោកក្បាលនិងថ្នល់ បែកខួស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯរថយន្តបង្កប្រឹងបើកអូសម៉ូតូ នៅក្រោមរថយន្តទៅមុខ ប្រុងរត់គេច តែបើកទៅមុខមិនរួច ក៏ចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ២និង ៣០ នាទីយប់ឈានចូលថ្ងៃសុក្រទី៥ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះ កាន សុខគង់ ភេទប្រុសអាយុ២២ ឆ្នាំ មានស្រុកំណើតនៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើរនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីបងប្រុសម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌សពាក់ផ្លាកលេខ កណ្តាល1-AJ 0821 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង បម្រុងនឹងបត់ឆ្វេង ឆ្លងឡើងទៅផ្លូវជាតិលេខ៤វិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត ក្បាលពណ៌សលាយត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 3C3105
បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលទៅបុកចំពីមុខម៉ូតូ អូសចូលក្រោមរថយន្ត ទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ជាជនរងគ្រោះ បែកខួរស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកឯរថយន្តបង្កវិញ ប្រឹងបន្តបើកទៅមុខ តែរត់មិនរួច ក៏ចុះពីរថយន្តគេចខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់រួចបានទំនាក់ទំនង ទៅខាងជំនាញក្រុង ឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រួចបានធ្វើកំណត់ហេតុ ឲ្យក្រុមគ្រួសារយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត






