បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គម្រោងទំនប់ស្ទាក់ទឹកតាក្រីនេះ នឹងក្លាយជាសមិទ្ធផលប្រព័ន្ធធារាសាស្ត្រថ្មីបន្ថែមមួយទៀត នៅក្នុងខេត្តបាត់ដំបង ខណៈការអភិវឌ្ឍប្រព័ន្ធស្រោចស្រព កំពុងសាងសង់នៅក្នុងស្រុក។
ការលើកឡើងបែបនេះ ក្នុងពិធីសែនព្រេនសុំសេចក្តីសុខ ក្នុងការសាងសង់ទំនប់ស្ទាក់ទឹកតាក្រី កាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២១ ដែលក្រសួងធនធានទឹកនិងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបាត់ដំបង បានបន្តអភិវឌ្ឍសាងសង់ប្រព័ន្ធធារាសាស្ត្រមួយកន្លែង ឈ្មោះទំនប់ស្ទាក់ទឹកតាក្រី ស្ថិតតាមដងស្ទឹងមង្គលបុរី ក្នុងភូមិសាស្ត្រ ឃុំតាក្រី ស្រុកកំរៀង ដើម្បីបម្រើការស្រោចស្រពដំណាំកសិកម្ម របស់ប្រជាពលរដ្ឋប្រមាណជាង ២ពាន់ហិកតា។
លោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីឆ្លើយតបនឹងសូមណូមពររបស់ពលរដ្ឋ នៅក្នុងតំបន់នេះ ក្នុងការនាំទឹកពីទំនប់នេះ ទៅប្រើតាមតម្រូវការ ពិសេសនៅអំឡុងរដូវខ្វះខាតទឹក ព្រោះជារៀងរាល់ឆ្នាំ ដោយសារមិនទាន់មានទំនប់ស្ទាក់ទឹក ធ្វើឲ្យទឹកហូរទៅផ្នែកខាងក្រោមអស់ ហើយពលរដ្ឋតែងតែខ្វះទឹកប្រើប្រាស់។ ចំពោះការអភិវឌ្ឍគម្រោងនេះ នៅពេលធ្វើរួចនឹងជួយស្រោចស្រព ដំណាំកសិកម្មរបស់ពលរដ្ឋ និងបានជាស្ពាន សម្រាប់ពលរដ្ឋឆ្លងកាត់ ខណៈទំនប់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅខែកញ្ញាឆ្នាំ២០២១ខាងមុខ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា គម្រោងទំនប់ស្ទាក់ទឹកតាក្រីនេះ នឹងក្លាយជាសមិទ្ធផលប្រព័ន្ធធារាសាស្ត្រថ្មី បន្ថែមមួយទៀត នៅក្នុងខេត្តបាត់ដំបង ខណៈការអភិវឌ្ឍប្រព័ន្ធស្រោចស្រពនេះ កំពុងសាងសង់នៅក្នុងស្រុកមួយចំនួន។ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ដែលបាននិងកំពុងអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងខេត្តបាត់ដំបង ដើម្បីបម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋក្នុងការធ្វើឲ្យជីវភាព មានភាពប្រសើរឡើង៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ








