ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា (“RGC”) បានជ្រើសរើសក្រុមហ៊ុន YCH Group Pte Ltd (“YCH”) របស់ប្រទេសសិង្ហបុរី ដើម្បីអភិវឌ្ឍន៍បន្ថែមនូវមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ (“PPLC”)។ ការរៀបចំនេះបានចាប់ផ្តើម តាមរយៈពិធីចុះហត្ថលេខាពីចម្ងាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រវាងក្រុមហ៊ុន YCH និងក្រសួងសាធារណការ និងដឹកជញ្ជូន(“MPWT”)។
កិច្ចព្រមព្រៀងក្របខណ្ឌនេះផ្តល់នូវមូលដ្ឋានគ្រឹះ នៃកិច្ចសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) និង ក្រុមហ៊ុន YCH ដែលជាភាគីសិក្សាគម្រោងប្លង់ អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ (PPLC) ។
ការអភិវឌ្ឍត្រូវបានបង្កើតឡើងដោយផ្អែកលើទស្សនាទាន “SuperPort Plus” របស់ក្រុមហ៊ុន YCH ។ ក្រៅពីភាពទំនើបទាន់សម័យផ្នែកភ័ស្ដុភារកម្មលំដាប់ពិភពលោក មជ្ឈមណ្ឌលភ័ស្ដុភារកម្មរាជធានីភ្នំពេញ (PPLC) ក៏មានលក្ខណៈពិសេសផងដែរ ដោយការប្រើប្រាស់នូវបច្ចេកវិទ្យាដើម្បីកែលម្អនូវភាពធន់ ចក្ខុវិស័យ និងលំហូរដំណើរការផ្នែកភ័ស្ដុភារកម្ម ព្រមទាំងសាលាបណ្តុះបណ្តាល (training academy) ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុករបស់កម្ពុជានៅក្នុងវិស័យភ័ស្ដុភារកម្ម។
មជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ (PPLC) នឹងក្លាយជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម នៃការតភ្ជាប់ដើម្បីកំណើនឆ្លាតវៃ (Smart Growth Connect initiative) និងគម្រោងទី ២ ដែលស្ថិតក្រោមបណ្តាញភ័ស្ដុភារកម្មឆ្លាតវៃអាស៊ាន (ASLN) ដែលគាំទ្រដល់ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (ASEAN Connectivity Master Plan 2025)។ តាមការរំពឹងទុក វានឹងជួយពង្រឹងដល់ការតភ្ជាប់ប្រទេសកម្ពុជា ជាមួយលំហូរពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅក្នុងបណ្តាប្រទេសតាមដងទន្លមេគង្គ (ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) និងតំបន់ភាគនិរតីនៃប្រទេសចិន ក៏ដូចជាការរួមចំណែកឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងរបស់កម្ពុជា ។
គម្រោងនេះក៏បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរពីប្រព័ន្ធអេកូឡូស៊ី សម្រាប់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ ។ ស្ថាប័នហិរញ្ញវត្ថុនានា មានដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកសម្ព័ន្ធធនាគារពិភពលោក (World Bank Group) និងក្រុមហ៊ុន Clifford Capital Pte Ltd. ដែលជាក្រុមហ៊ុនមានជំនាញឯកទេសក្នុងការរៀបចំផែនការ និងផ្តល់ដំណោះស្រាយសម្រាប់គម្រោង និងហិរញ្ញប្បទានដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្តល់មូលនិធិដល់ផ្នែកផ្សេងៗរបស់គម្រោង។ ក្រុមហ៊ុន Infrastructure Asia (“ InfraAsia”) ដែលបានសម្របសម្រួលកិច្ចពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា និង YCH នឹងបន្តជំរុញដល់បណ្តាភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីផ្នែកភស្តុភារ អង្គភាពផ្តល់សេវាជំនាញ និងហិរញ្ញប្បទានចូលរួមនៅក្នុងគម្រោងនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រទេសកម្ពុជា បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ភាពជាដៃគូ ជាមួយក្រុមហ៊ុន YCH ដោយសារប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីរៀបចំពិធីខួប៥៥ឆ្នាំនៃចំណងការទូត។ ភាពជាដៃគូនេះ នឹងគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីធ្វើឱ្យចេញជារូបរាងឡើងនូវចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលភ័ស្ដុភារកម្មប្រចាំតំបន់ដូចដែលបានលើកឡើងនៅក្នុងគម្រោងផែនការមេអន្ដរកាលលើប្រព័ន្ធតភា្ជប់ទំនាក់ទំនងដឹកជញ្ជូន និងប្រព័ន្ធភ័ស្តុភារកម្ម។ ភ័ស្តុភារកម្មជាវិស័យដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវជោគជ័យលើគោលដៅរបស់យើង ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ យើងទន្ទឹងរងចាំដើម្បីធ្វើការជាមួយក្រុមហ៊ុន YCH ក្នុងការរួមបញ្ចូលការអនុវត្តដ៏ល្អបំផុតជាលក្ខណៈអន្តរជាតិទៅក្នុងមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យដល់កម្រិតអតិបរិមានូវសក្តានុពលរបស់ខ្លួន”។
លោកបណ្ឌិត Robert Yap, ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH, បានមានប្រសាសន៍ថា, “កិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺមានសារៈសំខាន់លើកម្រិតជាច្រើន។ ទីមួយៈ វាឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន YCH Group ក្នុងគម្រោងភ័ស្តុភារកម្មដ៏ល្អបំផុតរបស់កម្ពុជា-សិង្ហបុរីនេះ។ ក្រោមកិច្ចសហការនេះ យើងនឹងមិនត្រឹមតែកសាងមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយទេ ថែមទាំងកសាងនូវប្រព័ន្ធអេកូភ័ស្តុភារកម្មមួយ ប្រកបដោយការយល់ដឹង និងកម្លាំងពលកម្មក្នុងផ្នែកភ័ស្តុភារកម្មក្នុងស្រុកដែលមានសមត្ថភាពផងដែរ។ ទីពីរ, កិច្ចព្រមព្រៀងនេះជាសញ្ញា នៃការចាប់ផ្តើមនូវភាពជាដៃគូ ដែលជានិមិត្តរូបដ៏យូរអង្វែងមួយដែលក្រុមហ៊ុន YCH ធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបន្តកិច្ចពាក់ព័ន្ធជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ ដើម្បីធានាដល់ភាពជោគជ័យនៃគម្រោងនេះ និងសម្របសម្រួលដល់សមាហរ័ណកម្មសេដ្ឋកិច្ចតំបន់ និងអនុតំបន់។”
លោក Seth Tan, នាយកប្រតិបត្តិនៃក្រុមហ៊ុន Infrastructure Asia បានមានប្រសាសន៍ថា “ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្ហាញនូវសារៈសំខាន់ នៃភ័ស្តុភារកម្មដែលធន់ និងខ្សែច្រវាក់ផ្គត់ផ្គង់ ហើយក្រុមហ៊ុន Infrastructure Asia នឹងបន្តនាំយកអ្នកសហការអន្តរជាតិបន្ថែមទៀត ដើម្បីគាំទ្រដល់រាជរាដ្ឋាភិបាលកម្ពុជា មិនត្រឹមតែក្នុងមជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

