Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

ភ្នំពេញ : សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។

សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស។

សម័យប្រជុំវិសាមញ្ញរដ្ឋសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងមូលនៅថ្ងៃនេះមានសម្លេងគាំទ្រឯកច្ឆ័ន្ទចំនួន ៨៣/៨៣សម្លេង ដោយចាត់ទុកជាការប្រញាប់ ។
សេចក្តីព្រាងច្បាប់នេះ រដ្ឋសភាជាតិនិងបញ្ជូនទៅឲ្យស្ថាប័នព្រឹទ្ធសភា ពិភាក្សាអនុម័ត បន្តទៀតនៅសប្តាហ៍ខាងមុខនេះ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា
បន្ទាប់ពីរដ្ឋសភាជាតិបានអនុម័តព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ គឺបានក្លាយជាគតិយុត្តមួយដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញ នូវវិធានការនានាផ្នែកសុខាភិបាល វិធានការផ្នែករដ្ឋបាលនិងវិធានការផ្សេងទៀត ដែលមាបើនភាព ចាំបាច់ជាក់ស្តែងដើម្បីការពារអាយុជីវិតនិងសុខមាលភាពសាធារណៈជូនប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្តេជ្ញាចិត្តយកច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ទៅផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋ និងអនុវត្តឲ្យមានប្រសិទ្ធ ភាពខ្ពស់ដើម្បីជាឧត្តមប្រយោជន៏ជាតិ មាតុភូមិ
បន្ទាប់ពីច្បាប់នេះ បានចូលជាធរមាន។

សូមជម្រាបថា រាជរដ្ឋាភិបាលរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើង នាពេលនេះ ស្របពេលបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន ៦ជំពូក និង១៨មាត្រា ដែលនឹងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទំាងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ : ចេស្តារ

×