Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេ​ក្ខ​នារី​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart៖ កុមារ​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា ក្នុង​ការទទួល​បានកា​រ​អប់រំ​ប្រកបដោយ​គុណភាព​

​ភ្នំពេញ ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១៖ ការជួយ​សិស្ស​ក្រីក្រ​ឱ្យទទួល​បានការ​អប់រំ​ដោយ​ឥតគិតថ្លៃ គឺជា​អំពើ​ល្អ​មួយ​ដែល​ជួយ​ឱ្យ​អ្នកគ្រូ ឯក ចិន្តា​មុនី ដែលជា​ស្ថាបនិក​សាលា​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ការជ្រើសតាំង​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart​។​

​ឥឡូវនេះ អ្នកគ្រូ​បានជា​ប់​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ ហើយ​ប្រសិនបើ​អ្នកគ្រូ​ត្រូវបាន​គេ​ជ្រើសរើស​ជា​អ្នកទទួល​ជ័យលាភី អ្នកគ្រូ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។

​មុនពេល​បើក​ដំណើរការ​សាលារៀន​នេះ អ្នកគ្រូ​ធ្លាប់​បម្រើ​ការងារ​ជា​បុគ្គលិក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អស់​រយៈពេល ១៥​ឆ្នាំ ដែល​ធ្វើការ​ជាមួយ​យុវជន​នៅតាម​ខេត្ត​ផ្សេងៗ​។ ក្នុងពេលនោះ អ្នកគ្រូ​សង្កេតឃើញ​មាន​យុវជន​ជាច្រើន​ដែល​បោះបង់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ឬ​គ្មាន​ឱកាស​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​
​អ្នកគ្រូ​បាន​ថ្លែងថា ការដែល​បាន​មើលឃើញ​ស្ថានភាព​បែប​នោះបាន​ប៉ះទង្គិច​ចិត្ត​របស់គាត់ ដោយសារ​គាត់​មានឱកាស​ទទួល​បានកា​រ​អប់រំ ប៉ុន្តែ​យុវជន​ទាំងនោះ​ខ្លះ​បោះបង់​ការសិក្សា​ថ្នាក់​ទី​៨ ហើយ​យុវជន​ខ្លះទៀត​បាន​រៀន​ចប់​ថ្នាក់​ទី​១២ ប៉ុន្តែ​មិនមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដោយសារ​ជីវភាព​គ្រួសារ​។​

​អ្នកគ្រូ ចិន្តា​មុនី មានប្រសាសន៍ថា​៖ “​ខ្ញុំ​ចង់ឃើញ​យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានឱកាស​ទទួល​បានកា​រ​អប់រំ​ដូចគ្នា​”​។​

​បន្ទាប់ពី​បាន​លាឈប់​ពី​អង្គការ នៅក្នុង​ឆ្នាំ​២០១៧ អ្នកគ្រូ ឯក ចិន្តា​មុនី រួម​ជាមួយនឹង​មិត្តភក្តិ ២​នាក់​ផ្សេងទៀត​បាន​បង្កើត​សាលា​មួយ​ឈ្មោះថា សាលា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឯកជន​អេ​ស៊ី​ធី (ACT) ដែល​បង្រៀន​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​បច្ចេកទេស​សម្រាប់​ថ្នាក់​ទី​១០ ដល់ទី​១២​។ សព្វថ្ងៃ​មាន​សិស្ស​ប្រហែល​ជិត ២០០​នាក់​។

​ក្រៅពី​សិស្ស​ត្រូវ​បង់ថ្លៃ​សិក្សា សាលា​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ក្នុង​អត្រា​ពី ២៥% ទៅ ១០០% ដោយ​សព្វថ្ងៃ​មាន​សិស្ស​ទទួលបាន​អាហារូបករណ៍​ចំនួន ៧០​នាក់​ក្នុង​ចំំ​ណោម​សិស្ស​ជិត ២០០​នាក់​។ សិស្ស​ចាំបាច់​ត្រូវ​ប្រលង​ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ​។​

​ក្រៅពី​អាហារូបករណ៍ សាលា​ក៏មាន​កញ្ចប់​ជំនួយ​ផងដែរ ដើម្បី​ជួយ​សិស្ស​ក្រីក្រ​ឱ្យទទួល​បានការ​សិក្សា​ដោយ​ឥត​បង់ថ្លៃ ឬ​បង់ថ្លៃ​ទៅតាម​លទ្ធភាព​របស់​គ្រួសារ​សិស្ស​។​
​អ្នកគ្រូ​បាន​ថ្លែងថា​៖ “​ពួកគេ​បង់ថ្លៃ​សិក្សា​ទៅតាម​លទ្ធភាព​ដែល​ពួកគាត់​អាច​បង់​បាន ទោះបី​ពួកគេ​បង់ថ្លៃ​សិក្សា ៥​ដុល្លារ ឬ ១០​ដុល្លារ​ក្តី ព្រោះ​ខ្ញុំ​ចង់ឱ្យ​ពួកគេ​ដាក់ទុន​ក្នុងការ​សិក្សា​របស់​ពួកគេ​”​។​

​ទាក់ទង​នឹង​ថវិកា​ដែល​ចំំ​ណាយ​លើ​ការផ្តល់​អាហារូបករណ៍ អ្នកគ្រូ​បាន​ប្រើប្រាស់​ប្រាក់ចំណូល​របស់​សាលា និង​ប្រាក់ឧបត្ថម្ភ​និង​ជំនួយ​ពី​មិត្តភក្តិ​នៅក្រៅ​ប្រទេស​មួយចំនួន និង​ប្រាក់ចំណូល​ពី​ការលក់​គីម​ឈី​ដែលជា​អាជីវកម្ម​មួយ​ដែល​អ្នកគ្រូ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៦​។​
​អ្នកគ្រូ​និង​ក្រុមការងារ​ក៏​កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ផងដែរ ដើម្បី​ជួយ​ដល់​សិស្ស​ក្រីក្រ​។

​នាយក​សាលា និង​ជា​ស្ថាបនិក​រូបនេះ​បាន​បន្ថែមថា ការជួយ​កុមារ​ដែល​ជួប​ការលំបាក​និង​ក្រីក្រ​ឱ្យទទួល​បានការ​រៀនសូត្រ​គឺជា​ក្តី​ប្រាថ្នា​ដែល​គាត់​ចង់​ធ្វើ ហើយ​គាត់​ក៏​ចង់ឃើញ​កុមារ​ទាំងអស់​ទទួលបាន​ឱកាស​ស្មើៗ​គ្នា​ដើម្បី​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​។
​អ្នកគ្រូ​បាន​ថ្លែងថា​៖ “​ខ្ញុំ​ស្រលាញ់​ប្រជាជាតិ​កម្ពុជា​ដែលជា​ជាតិ​សាសន៍​របស់ខ្ញុំ ហើយ​ខ្ញុំ​គិតថា​កុមារ​គ្រប់រូប​គាត់​មាន​សិទ្ធិ​ស្មើរ​គ្នា គាត់​មាន​សិទ្ធិ​ទៅ​រៀន គាត់​មាន​សិទ្ធិ​ទទួល​ការអប់រំ ដែលមាន​គុណភាព ហើយ​ខ្ញុំ​ចង់ឱ្យ​អ្វីដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន ទៅកាន់​ពួកគេ​វិញ​”​។​
​អ្នកស្រី តែ សៅ ដែលជា​ម្ដាយ​របស់​សិស្ស​ម្នាក់​ដែល​អ្នកគ្រូ ចិន្ដា​មុនី បានផ្ដល់​អាហារូបករណ៍​ឱ្យ​សិក្សា​នៅ​សាលា​អេ​ស៊ី​ធី បានឱ្យដឹងថា កូន​របស់​អ្នកស្រី​បាន​ឈប់រៀន​រយៈពេល ៣​ឆ្នាំ​មកហើយ​ដោយសារ​ជីវភាព​ខ្វះខាត​។ អ្នកស្រី​បាន​បន្ថែមថា បន្ទាប់ពី​បាន​ស្គាល់​អ្នកគ្រូ គាត់​បាន​សុំ​អាហារូបករណ៍​ឱ្យ​កូន​របស់គាត់​បាន​ចូលរៀន​ជាថ្មី​។​

​អ្នកស្រី​បាន​ថ្លែងថា​៖ “​អ្នកគ្រូ មុនី គឺជា​មនុស្ស​ល្អ​ចេះ​ថែទាំ​សិស្ស​នៅទីនេះ​បានល្អ​។ គាត់​ជាម​នុស្ស​ដែល​ជួយ​អ្នកក្រីក្រ​ជាច្រើន​នាក់ ភាគច្រើន​ពួកគាត់​ជួយ​ក្មេងៗ​ដែល​ឪពុកម្តាយ​អត់​មានលទ្ធភាព ដូច​ខ្ញុំ​ជាដើម​”​។​
​អាណាព្យាបាល​ម្នាក់ទៀត គឺ​អ្នកស្រី សំ មុំ ដែលមាន​កូន ៣​នាក់ និង​ក្មួយ ៣​នាក់​កំពុង​សិក្សា​នៅ​សាលា​អេ​ស៊ី​ធី​រយៈពេល ២​ឆ្នាំ​មកហើយ​នោះបាន​ថ្លែងថា កូន​និង​ក្មួយ​របស់គាត់​បានទទួល​អាហារូបករណ៍​នៅ​សាលា​នេះ​ដោយសារ​ពួកគាត់​មាន​ជីវភាព​ខ្វះខាត ជាពិសេស​ម្តាយ​របស់​ក្មួយ​គាត់​គឺជា​ជនពិការ​។

​អ្នកស្រី​ថ្លែងថា​៖ “​ដោយសារ​ស្ថានភាព​គ្រួសារ​ប្អូនស្រី​របស់ខ្ញុំ​ខ្វះខាត​ខ្លាំង ជាពិសេស​គាត់​ពិការភ្នែក នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ​នៅទីនេះ​មាន​មេត្តា​ខ្លាំង​មែនទែន គាត់​បាន​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​កូន​និង​ក្មួយ​ខ្ញុំ​”​។​
​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។​
​នៅពេលដែល​ទទួលដំណឹង​ថា អ្នកគ្រូ ចិន្តា​មុនី ត្រូវបាន​ជ្រើសរើស​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart អ្នកនាង Samantha Wagers ដែលជា​អ្នក​ជ្រើសតាំង​អ្នកគ្រូ​បាន​សម្តែង​ក្តីរំភើប និង​អបអរ​។​

​អ្នកនាង​បាន​ថ្លែងថា​៖ “​ខ្ញុំ​មាន​ក្តីរំភើប និង​មាន​មោទនភាព​ជាខ្លាំង​ដែល មុនី បាន​ជាប់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន​ពលរដ្ឋ​គំរូ Smart​។ ខ្ញុំ​សង្ឃឹមថា កិច្ចប្រឹងប្រែង​ដែល​គាត់​បានធ្វើ នឹងត្រូវ​បាន​គេ​ស្គាល់​នៅ​ថ្ងៃ​អនាគត​”​។​

“​មុន្នី​ជាម​នុស្ស​ដែល​មិន​ចង់អោយមាន​ការចាប់អារម្មណ៍​ពី​អ្នក​ដ៏​ទៃ​នោះទេ ដូច្នេះ​សម្រាប់​នាង​ក្នុង​ការចូលរួម​ឈរឈ្មោះ​សម្រាប់​ពានរង្វាន់​និង​ការបង្ហាញ​សេចក្តីស្រឡាញ់​ដែល​នាង​មាន​ចំពោះ​ប្រទេស​កម្ពុជា​វា​ធ្វើឱ្យ​នាង​ភ័យ​។ ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​ជំរុញ​ឱ្យ​នាង​បាន​ច​ង្ហា​ញ​ខ្លួន​ចំពោះមុខ​អ្នក​គ្រប់គ្នា​ដើម្បី​ដឹងថា​តើ​មិត្តភក្តិ​របស់ខ្ញុំ​អស្ចារ្យ​ប៉ុណ្ណា​”​។​
​អ្នកនាង Samantha ក៏មាន​ផែនការ​ជួយ​អ្នកគ្រូ ចិន្តា​មុនី លើ​ការងារ​រៃអង្គាស​ថវិកា​ផងដែរ​។​

​ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។​
​ដើម្បី​ចូល​មើល​វីដេអូ​អំពី​អ្នកគ្រូ ឯក ចិន្តា​មុនី សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://www.facebook.com/watch/?v=1396598614008954
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

​អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​ ​

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ី​ម៉ែ​ល​៖​ ​koam.tivea@smart.com.kh៕

×