ភ្នំពេញ ៖ សូមរំលឹកជាថ្មីម្តងទៀតថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក មានករណីឧក្រិដ្ឋជន ៤នាក់ បានចូលប្លន់ជំរិតលុយ ១លានដុល្លារ ពីម្ចាស់ផ្ទះភូមិគ្រឹះមួយកន្លែង ក្នុងបុរីអង្គរភ្នំពេញ ប៉ុន្តែ មិនបានសម្រេច ព្រោះចូលទៅ ក៏បានប៉ះគ្នាជាមួយកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងរង់ចាំជាស្រេច បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅនឹងកន្លែងតែម្តង។
តែយ៉ាងណាមិញ ខណៈដែលសពឧក្រិដ្ឋជន៣នាក់ ត្រូវបានក្រុមគ្រួសារយកទទួលស្គាល់ និងនាំយកធាតុរបស់ពួកគេរៀងៗខ្លួន ពីលោកតាអាចារ្យភ្លក់ នៅវត្តទឹកថ្លា ដោយឡែកតែធាតុសពរបស់មេឧក្រិដ្ឋជន អ៊ឹង សុវណ្ណរិទ្ធ ពុំត្រូវបានក្រុមគ្រួសារចូលមកទទួលយកឡើយ។ ហើយគិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺគេក៏នៅមិនទាន់ឃើញមានសាច់ញាតិណាម្នាក់ មកទទួលយកធាតុ មេក្លោងឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ នៅឡើយទេ។
ក្រោយពីពុំឃើញមានក្រុមគ្រួសារ សាច់ញាតិណាម្នាក់ អើពើទាល់តែសោះ ព្រោះតែចិត្តមិនដាច់ ស្រាប់តែ ចំប៉ីខ្មៅ បានសម្រេចចិត្តធ្វើរឿងនេះជូនបងមេខ្នោង អ៊ឹម សុវណ្ណរិទ្ធ ដោយបានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន ជាមួយរូបកោដ្ឋដាក់ធាតុយ៉ាងចំហរថា៖ «ប្រពៃណីទំនៀមទម្លាប់ ខ្មោចងាប់ទៅហើយ នៅឡើងឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថា ខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណានោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះ ឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រឹទ្ធស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួបបានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុនហ្នឹង។ ខ្ញុំសង្ឃឹមថាមិត្ត ដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ ។
មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងអហោសិកម្មឱ្យ ចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុនហ្នឹង គំរប់បុណ្យ៧ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្ត តាមប្រពៃណី នៃពិធីបុណ្យសព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អ ឬអាក្រក់ ជាសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាល ដែលគ្នាងាប់ទៅ គ្មានញាតិផង។»។
ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ ចំប៉ីខ្មៅ បានបង្ហោះរូបភាពពីរសន្លឹកទៀតហើយ ព្រមទាំងបញ្ជាក់បន្ថែមថា “បុណ្យប្រាំពីរថ្ងៃគាត់ នឹងប្រារព្ធ នៅថ្ងៃសៅរ៍ ៨រោច ជាថ្ងៃសីល ខែផង្គុល ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ កិច្ចធ្វើតាមគន្លងព្រះពុទ្ធសាសនា”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



























