បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះបើកបររថយន្តលឿនពេលយប់ បណ្តាលបុកអំពិលទឹកបណ្តាលឲ្យធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យជនរងគ្រោះជាអតីតមេឃុំស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ននិង១៥នាទីយប់ចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវស្ថិតភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
តាមនគរបាលចរាចរណ៍ស្រុកអូរជ្រៅ បានប្រាប់សារព័ត៌មានថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សួង មឿន ភេទប្រុសអាយុ៦៧ឆ្នាំ (អតីតៈមេឃុំអូរបីជាន់) រស់នៅភូមិបន្ទាយថ្មី ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ និង ឈ្មោះ សួន វី ភេទប្រុសអាយុ៥២ឆ្នាំ (អ្នកបើកបរ រថយន្ត) ជនរងគ្រោះរបួសធ្ងន់មានទីលំនៅ ភូមិ /ឃុំអូរបី ជាន់ស្រុកអូរជ្រៅបណ្តាលបាក់ជើងទាំង២ និងបាក់ដៃឆ្វេង បែកក្បាលនិងមាត់របួសធ្ងន់។
នគរបាលបញ្ជាក់ថា ៖ នៅពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺជនរងគ្រោះឈ្មោះ សួន វី ជាអ្នកបើកបររថយន្តធុនកាំម៉ារីកាលីហ្វូញ្ញា ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2E.4023 ស៊េរីឆ្នាំ១៩៨៧ ដែលបើកបរតាមផ្លូវក្នុងទិសដៅត្បូងទៅជើងក្នុងល្បឿនលឿន បានទៅបុកដើមអំពិលទឹកបណ្តាលក្រឡាប់ជាច្រើនត្រឡប់ ទៅប្រឡាយបណ្តាលស្លាប់ម្នាក់និងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសង្គ្រោះបន្ទាន់។
នគរបាលចរាចរណ៍បានបញ្ជាក់ថា ៖ មូលហេតុគ្រោះកើតឡើងគឺបណ្តាលមកពីអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ទើបបណ្តាលបុកដើមអំពិលទឹក ហើយក្រឡាប់បណ្តាលស្លាប់ និងរបួសក្រោយពេលពិនិត្យវាស់វែង ហើយត្រូវបានប្រគល់សាកសពជូនគ្រួសារ ធ្វើបុណ្យតាមប្រពៃណីយ ចំណែករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ៕ រក្សាសិទ្ធិដោយ៖CEN






