ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុងកាប្លិ៍មួយខ្សែប្រវែងជិត១គីឡូម៉ែត្រ និងស្ពានដែកបាឡេ ឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វា ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាជាង៤៤លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ពានបេតុងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចច្រកចេញចូលរាជធានីភ្នំពេញ។ ស្ពាននេះ ក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋ។ ស្ពាននេះ ក៏ក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ។
បើតាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងកាប្លិ៍នេះ មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍ ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានសសរចំនួន៤ គន្លងខ្សែយានយន្តទទឹង ៣,៧៥ម៉ែត្រ គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។ ស្ពានបេតុងគ្រោងប្រើពេលសាងសង់ ២៨ខែ ដោយចំណាយថវិកា ៣៥លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។ ស្របនឹងការបើកការដ្ឋានសាងសង់ស្ពានបេតុង ស្ពានដែកបាឡេមួយខ្សែ ដែលមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដែលចំណាយថវិកាចំនួន ៩លានដុល្លារ ក៏ត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះផងដែរ ដោយប្រើពេលសាងសង់ ៦ខែ៕ ដោយ៖កូឡាប