ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោ ចូលលួចទ្រព្យសម្បត្តិ ខណៈពេលកំពុងរើកកាយលួចយកអីវ៉ាន់ បងប្អូនប្រជាពលរដ្ឋក្បែរខាងក្រឡេកឃើញទាន់ ស្រែកឆោឡោ ផ្អើលនាំគ្នាចាប់បានតែម្តង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី១ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះចេន ប៊ុនធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនជាង១ឆ្នាំមកហើយ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅខេត្តរតនគិរី ។ សមត្ថកិច្ចដកហូតបានវត្ថុតាង ដែកសម្រាប់ ឆ្កឹះសោ១ដើម សោចាក់ទ្វារ១ ។
តាមសម្តីបុរសឈ្មោះ ឡុង យុត អាយុ៦២ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បន្ទប់ជួលដែលជនសង្ស័យធ្វើសកម្មភាពនោះ បានបិទទ្វារ ចាក់សោ ដោយម្ចាស់ចេញទៅធ្វើការបាត់ហើយ ស្រាប់តែនៅវេលាម៉ោងខាង ជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោចូល លួចទ្រព្យសម្បត្តិ កំពុងតែរើកកាយ ត្រូវបានអ្នកក្បែរខាងឃើញទាន់ ស្រែកឆោឡោ ផ្អើលនាំគ្នាចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
តាមសម្តីជនសង្ស័យ បានសារភាពថា ខ្លួនពិតជាប្រើប្រាស់ដែកឆ្កឹះសោបន្ទប់ ចូលលួចទ្រព្យសម្បត្តិពិតប្រាកដមែន មិនទាន់យកចេញបានផង ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានតែម្តង ។
ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖សួង សាម



