ភ្នំពេញ ៖ ចាប់ខ្លួនជនល្មើស២នាក់ ក្នុងនោះមានយោធាម្នាក់ ជាប់ពាក់ព័ន្ធករណីបាញ់កាំភ្លើងខ្យល់ ត្រូវក្មេងប្រុសម្នាក់ចំស្នៀតផ្កាបណ្ដាលឲ្យស្លាប់ ។ ជនល្មើសត្រូវបាន កងកម្លាំងអធិការនគរបាលខណ្ឌកំបូល កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។
បើតាមរបាយការណ៍ជូនអធិការនគរបាលខណ្ឌកំបូល ស្ដីពីករណីក្មេងប្រុសរងគ្រោះ ដោយសារជនបង្កបាញ់កាំភ្លើងខ្យល់ចំស្នៀតផ្កាបណ្ដាលឲ្យស្លាប់ នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ មានករណីក្មេងប្រុសរងគ្រោះ ដោយសារមានជនបង្កបានប្រើប្រាស់កាំភ្លើងខ្យល់បាញ់ចំ ស្នៀតផ្កាបណ្តាលឱ្យបាត់បង់ជីវិត ពេលបញ្ជូនដលមន្ទីរពេទ្យ នៅចំណុចខាងត្បូង ជាប់ផ្លូវល្បឿនលឿន ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បចុប្បន្នសពជនរងគ្រោះត្រូវបានតម្កល់រក្សាទុកនៅមណ្ឌលជនអស់សង្ឃឹម ក្រោយពេលកើតហេតុភ្លាមៗ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែមិនអាចសង្គ្រោះបាននោះទេ។
ជនរងគ្រោះឈ្មោះ រឿន ប៊ុនថា អាយុ ១៥ឆ្នាំ ស្នាក់នៅមណ្ឌលជនអស់សង្ឃឹម ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។ ចំណែកជនបង្ក២នាក់គឺឈ្មោះ ទុត សុគន្ធារ៉ា អាយុ ៤១ឆ្នាំ ភេទប្រុស មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឈ្មោះ ទុត សុគន្ធរ៉ាវីន អាយុ៣៣ មុខរបរជាងសំណង់ ស្នាក់នៅភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងរួមមាន កាំភ្លើងខ្យល់ទំនើប ១ដើម និងរថយន្ត ១គ្រឿងម៉ាកREXTON ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ០២ ២-០២៨២។
អធិការនគរបាលខណ្ឌកំបូល បានរៀបរាប់ពីដំណើរឿងថា មុនពេលកើតហេតុនៅវេលាម៉ោង១៦និង៤៥នាទី ជនរងគ្រោះបាននាំគ្នាទៅអង្គុយលេងក្រៅរបងមណ្ឌល នៅជិតផ្លូវល្បឿនលឿនជាមួយមិត្ដភក្ដិ ពេលអង្គុយលេងមួយសន្ទុះ ជនរងគ្រោះក៏ក្រោកឈរឡើង ពេលនោះស្រាប់តែឮស្នូរកាំភ្លើងផ្ទុះ ពេលងាកមកមើលជនរងគ្រោះ ក៏ឃើញជនរងគ្រោះដួលប្រកាច់ហូរឈាម ពេលនោះក៏ឮសំឡេងគ្រាប់កាំភ្លើងផ្ទុះចំនួន០៤គ្រាប់ទៀត មិត្តភក្តិជនរងគ្រោះ ក៏នាំគ្នាលើកជនរងគ្រោះចូលទៅក្នុងមណ្ឌល ដើម្បីជួយសង្គ្រោះនឹងបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នជនល្មើសទាំង២នាក់ខាងលើត្រូវបាន កងកម្លាំងអធិការនគរបាលខណ្ឌកំបូល កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕ រក្សាសិទ្ធិដោយ៖សាមេត










