ស្ទឹងត្រែង ៖ ពិធីប្រកាសមុខតំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ធ្វើឡើងដោយតក់ក្រហល់ ហើយសាមីខ្លួនពុំបានដឹងជាមុន កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីមានការរៀបចំពិធីផ្ទេរសម្រួលភារកិច្ច ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដោយក្នុងនោះលោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវផ្លាស់ទៅបម្រើការងារនៅក្រសួង ទទួលតួនាទីថ្មីជា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយជំនួសដោយលោក ទុំ នីរ៉ូ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជានាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ជាប្រធានមន្ទីរស្តីទី។
លោក ទុំ នីរ៉ូ ត្រូវបានគេស្គាល់ថា គឺជាកូនចៅអ្នកស្រុកស្ទឹងត្រែងមួយរូប ដែលបានទៅបន្តការសិក្សាខ្ពស់ ដល់កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបច្ចេកទេសកសិកម្ម និងអភិវឌ្ឍជនបទ ពីសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ។
បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានវិលត្រឡប់មកបម្រើការងារ នៅស្រុកកំណើតវិញរយៈពេល ២០ ឆ្នាំ ទល់នឹងបច្ចុប្បន្ន។ កន្លងទៅថ្មីៗនេះ ស្រាប់តែលោកទុំ នីរ៉ូ ត្រូវបានថ្នាក់ដឹកនាំខេត្ត វាយតម្លៃខ្ពស់ពីភាពជាអ្នកដឹកនាំរបស់លោក ជាពិសេសគឺចំណេះជំនាញវិជ្ជាជីវៈ គុណធម៌ សិលធ៌ម ឆន្ទៈមុះមុត និងមនសិកាស្នេហាជាតិ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។
មើលឃើញថា ការប្រគល់ភារកិច្ចជូនលោក ទុំ នីរ៉ូ ឲ្យឡើងជាប្រធានមន្ទីរស្តីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង គឺពិតជាសាកសមតាមសមត្ថភាព របស់លោកព្រោះថា លោកគឺជាអ្នកមានដើមកំណើត ចេញពីទឹកដីខេត្តស្ទឹងត្រែង និងបានបន្តការសិក្សាខាងផ្នែកបច្ចេកទេសកសិកម្ម និងអភិវឌ្ឍន៍ជនបទ យ៉ាងពិតប្រាកដរួមទាំងទទួលបាននូវបទពិសោធន៍ជាច្រើន ក្នុងពេលអនុវត្តការងារជានាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងផង៕ រក្សាសិទ្ធិដោយ៖សំណាង


