Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​អគារ​នៃ​សណ្ឋាគារ THE GREAT DUKE ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​

​ភ្នំពេញ​៖ ៖ សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ស្តីពី​ការដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​អគារ​នៃ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​។​

​ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា យោងទៅតាម​ស្ថាន ភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​នាពេល​បច្ចុប្បន្ន និង ដើម្បី​រៀបចំ​ទីតាំង​ឱ្យបាន​សមស្រប ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ ក្រសួងសុខាភិបាល ដោយ​រួម សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រើប្រាស់​អគារ​នៃ​សណ្ឋាគារ THE GREAT DUKE អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​។​

​ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូ​វីដ -១៩ កម្រិត​ស្រាល គឺ​ដើម្បី​ផ្តល់ លទ្ធភាព​ដល់​ក្រសួងសុខាភិបាល ក្នុងការ​ប្រមូលផ្តុំ​ធនធានមនុស្ស សម្ភារ​បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន ជួយ សង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ នៅ ក្នុង​សហគមន៍​។​

​ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ស្របទៅតាម​ស្ថានភាព​ចាំបាច់ រាជរដ្ឋាភិបាល ក៏ដូចជា​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (COID-19) បាននិងកំពុង​ចាត់​វិធាន ការឆ្លើយតប​ចាំបាច់​នានា រួមទាំង​ការគ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​។ ចំពោះ​អគារ និង​បរិវេណ​នៃ​សណ្ឋាគារ​ខាងលើ ក៏​នឹងត្រូវ​រៀបចំ​ឱ្យ​អនុវត្ត​នូវ​វិធានការ​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់ ទាំង​ផ្នែក សុខាភិបាល និង​សន្តិសុខ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរឹង​បំផុត សំដៅ​ធានា​ទប់ស្កាត់​នូវ​ការឆ្លង និង​ហានិភ័យ​ចម្លង​នៃ​ជំងឺ នេះ​មក​ខាងក្រៅ​បរិវេណ​អគារ​នៃ​សណ្ឋាគារ​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏​សូម​ជម្រាបជូន​ដល់​សាធារណជន​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ និង បងប្អូន​ពាណិជ្ជករ អាជីវករ​ទាំងអស់ ដែល​រស់នៅ និង​កំពុង​ប្រកប​របរ​ផ្សេងៗ​នៅជាប់ និង​ក្បែរ​ទីតាំង​សណ្ឋាគារ​នេះ​ថា វីរុស​កុំ​វីដ​-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​ដំណក់​ទឹកតូចៗ ដែល​ចេញពី​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស ហើយ​រហូត មកដល់​ពេលបច្ចុប្បន្ន មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា វីរុស​នេះ​ឆ្លងតាម​ខ្យល់អាកាស​នៅក្នុង​ទី​លំហ​ឡើយ​។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ភ័យខ្លាច និង​សូម​បន្ត​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត និង​ជឿទុកចិត្ត​លើ​វិធានការ ឆ្លើយតប​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​តាម​ការណែនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៣​កុំ និង ការពារ ដើម្បី​ការពារ​ខ្លួនឯង​ពី​ការឆ្លង​ជំងឺ និង​ជៀសវាង​ហានិភ័យ​ចម្លងជំងឺ​នេះ​ដល់​អ្នកដទៃ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×